រៀនរស់សម្រាប់ថ្ងៃនេះ

រៀម សុខចំរើន

Oct 9, 2022

ការដែលយើងចង់បង្កើតអ្វីមួយឡើងមកសម្រាប់តម្រូវការជីវិតរបស់យើងរៀងៗខ្លួននោះ គឺមិនមែនជាការងាយស្រួលឡើយ រីឯការថែរក្សានូវអ្វីដែលយើងបានបង្កើតឡើងវិញនោះ គឺកាន់តែពិបាកខ្លាំជាងការដែលបង្កើតទៅទៀត។
បញ្ហាគ្រប់យ៉ាងដែលកើតមានឡើងនៅក្នុងដំណើរជីវិតនៃមនុស្សសត្វទាំងឡាយ គឺមិនអាចនៅស្ថិតស្ថេររហូតនោះទេ។ ទោះជារឿងរ៉ាវនោះល្អក្តី មិនល្អក្តី បើវាប្រុងកើត វាក៏នឹងកើតហើយ នៅឡើយតែខ្លួនយើងម្នាក់ៗ តើគួរតែត្រូវនៅផ្តេកផ្តួល បណ្តែតបណ្តោយតាមជោគវាសនា ឬក៏ត្រូវក្រោកឈរឡើង និងរៀបចំតាំងជំហរខ្លួនឯងឱ្យបានរួចរាល់ ដើម្បីបន្តដំណើរទៅមុខទៀតឱ្យសមនឹងគុណតម្លៃដែលមានជោគវាសនាបានកើតជាមនុស្សជាតិ។

យើងគួរតែរំលឹកខ្លួនឯងជារឿយៗថា គ្មាននរណាម្នាក់ មានឫទ្ធានុភាពអស្ចារ្យអ្វីមកហាមឃាត់ការប្រែប្រួលដំណើររបស់វដ្តបានឡើយ។ ដូច្នេះយើងគួរតែទុកឱ្យពេលវេលាជាអ្នកព្យាបាល និងប៉ះប៉ូវនូវចំណុចណាដែលខ្វះខាត ឬលើសពីសមត្ថភាពរបស់យើងខ្លះទៅ។ សូមកុំកន្ទក់កន្ទេញនៅក្នុងចិត្ត ចំពោះអ្វីណាដែលមិនឋិតនៅក្រោមអំណាចនៃការគ្រប់គ្រង ឬលើសសមត្ថភាពរបស់យើងឡើយ។

ពេលខ្លះដោយសារតែយើងធ្លាប់បង្កើតកំហុស ឬធ្លាប់បរាជ័យបានធ្វើឱ្យយើងចេះតែបន្ទោសខ្លួនឯង ហើយគិតថាមកពីយើងមិនល្អគ្រប់គ្រាន់ ឬមកពីយើងមិនពូកែ យើងមិនគួរថ្លោះធ្លោយបង្កើតកំហុសដែលធ្វើឱ្យយើងមានវិប្បដិសារីសោះឡើយ។ ចូរចងចាំថា នរណាៗក៏ធ្លាប់ធ្វើខុស រឿងអតីតកាលនរណាក៏ធ្លាប់មាន ហើយយើងម្នាក់ៗក៏មិនមានឫទ្ធិអំណាចអ្វីដើម្បីទាញពេលវេលាឱ្យត្រលប់ក្រោយ ដើម្បីកែប្រែកំហុសទាំងអស់នោះដែរ ប៉ុន្តែអ្វីដែលយើងអាចធ្វើបាន គឺរស់បានឱ្យបានល្អសម្រាប់ថ្ងៃនេះ ហើយកុំបង្កើតកំហុសដដែលៗសម្រាប់ថ្ងៃនេះទៅបានហើយ។ កុំភ្លេចមើលថែខ្លួនសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់ខ្លួនឯងឱ្យបានល្អ  កុំភ្លេចគិតគូរលើការ បែងចែកពេលវេលាសម្រាក អាហារហូបចុកណាដែលមានគុណភាព និងសុវត្ថិភាព ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ ឆ្លៀតពេលហាត់ប្រាណដើម្បីសុខភាពមាំមួន នឹងគួរតែបន្តអភិវឌ្ឍក្នុងការបង្កើនចំណេះជំនាញ និងអនុវត្តការអប់រំចិត្តបន្ថែម ដើម្បីចម្រើនផ្នែកបញ្ញាស្មារតីឱ្យរឹងរឹតតែក្លៀវក្លានិងស្វាហាប់ជាប្រចាំ។ ជាពិសេសកុំភ្លេចចំណាយពេលនៅជាមួយមនុស្សជាទីស្រឡាញ់ឱ្យបានច្រើនផង ព្រោះគ្មាននរណាដឹងច្បាស់ថានឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកបានឡើយ។

គោលការណ៍ទាំងនេះ គួរតែចាត់ទុកជាចំណុចសំខាន់ៗដ៏ចម្បងដើម្បីជួយទ្រទ្រង់ ជួយពង្រឹង ជួយគាំពារ ជួយឧបត្ថម្ភ ដល់ជីវិតយើង និងគួរតែជ្រើសរើសមកអនុវត្តជាប្រចាំ  ឱ្យរឹតតែមានគុណភាពប្រសើរជាងមុនជាលំដាប់។ មានតែការទទួលស្គាល់ថា ជីវិតយើងមិនមែនជារបស់យើងស្រាប់ហើយ គេយកទៅវិញថ្ងៃណាក៏យើងមិនដឹងដែរ ដូច្នេះមានតែការរៀនទទួលស្គាល់ការពិត និងរៀនរស់ឱ្យបានល្អបំផុតសម្រាប់ថ្ងៃនេះនោះទេ ទើបអាចឱ្យយើងទទួលបាននូវក្ដីស្ងប់សុខ និងសុភមង្គលពិតប្រាកដ។

ទៅទំព័រអត្ថបទ >>