នៅពេលដែលអាចដើរតាមក្តីស្រមៃ

ការតែងនិពន្ធ​ ឬការសេរសេរដោយប្រើការស្រមើស្រមៃ​ គឺជាអ្វីដែលខ្ញុំស្រឡាញ់ចូលចិត្តមែនទែន។​  ក្តីស្រមៃនេះផ្តើមចេញដោយសារតែខ្ញុំចូលការអានសៀវភៅ និងស្រឡាញ់កិច្ចការងារជាមួយសៀវភៅ។  ខ្ញុំក៏មានគំនិតចង់ចាប់ផ្តើមតែងនិពន្ធ។ គោលបំណងនោះគឺខ្ញុំអាចប្រើការស្រមើស្រមៃរបស់ខ្ញុំបំប្លែងឱ្យទៅជាតួអក្សរ ដែលអ្នកអានអាចប្រើការស្រមើស្រមៃរបស់ពួកគាត់ពេលបានអានសំណេររបស់ខ្ញុំ ម្យ៉ាងទៀតខ្ញុំក៏ចង់បន្សល់ទុកស្នាដៃដល់អ្នកជំនាន់ក្រោយ​និងចូលរួមជាចំណែកមួយក្នុងការអភិវឌ្ឍវិស័យអំណាននៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។ ខ្ញុំសម្រេចចិត្តសរសេរសៀវភៅបែប Fantasy (អច្ឆរិយ) នោះគឺ ដំបូងឡើយខ្ញុំមើលឃើញថានៅក្នុងប្រទេសកម្ពុជាយើងនៅមិនទាន់មានសៀវភៅប្រភេទខាងលើច្រើនឡើយ ពោលគឺមានដោយកម្រ ឬមិនមានតែម្ដង ទើបខ្ញុំសរសេរប្រភេទនេះឡើងក្នុងន័យបង្កើតជម្រើសថ្មីដល់មិត្តអ្នកអាន ដ្បិតសៀវភៅដែលចរាចរណ៍ក្នុងទីផ្សារច្រើនតែសៀវភៅមនោសញ្ចេតនា។ ក្នុងពេលដែលខ្ញុំកំពុងតែសរសេរនោះ ខ្ញុំក៏បានរកឃើញថា ខ្លួនឯងមានទេពកោសល្យជាមួយនឹងរឿងបែប Fantasy (អច្ឆរិយ)។ ដូច្នេះហើយខ្ញុំចាត់ទុកប្រភេទខាងលើជាអត្តសញ្ញាណផ្ទាល់ខ្លួនតែម្ដង។

 

ដំបូងឡើយខ្ញុំជាបុគ្គលិកផ្នែកលក់នៅបណ្ណាគារមួយកន្លែង។ ទីនោះហើយដែលធ្វើឱ្យខ្ញុំចាប់ផ្ដើមស្រឡាញ់ និងចូលចិត្តការអានសៀវភៅកាន់តែខ្លាំងថែមទៀត រហូតមានចិត្តចង់ក្លាយខ្លួនជាអ្នកនិពន្ធមួយរូប។ ខ្ញុំបានធ្វើជាអ្នកនិពន្ធលើកដំបូងដោយសរសេររឿងកំប្លែងខ្លីនៅស្ថានីយ៍ទូរទស្សន៍មួយ ហើយខ្ញុំក៏ឈប់ពីអ្នកសរសេររឿងកំប្លែងខ្លី មកសរសេរប្រលោមលោកវិញ ប៉ុន្តែមុនសរសេរប្រលោមលោក ខ្ញុំបានសរសេររឿងខ្លីប្រមាណជា៤រឿងដើម្បីសាកល្បងសមត្ថភាពខ្លួន។ ឧបសគ្គដែលខ្ញុំជួបនោះគឺមិនទទួលបានការគាំទ្រពីអ្នកផ្ទះ ដោយសារតែអាជីពជាអ្នកនិពន្ធត្រូវចាយពេលវេលាយូរ និងទទួលបានចំណូលតិច ឬមិនអាចចិញ្ចឹមឆ្នាំងបាយបាន។ ទោះជាបែបនេះក្ដីខ្ញុំនៅតែជំនះដើម្បីធ្វើវា ដ្បិតវាជាការងារដែលខ្ញុំស្រឡាញ់ចូលចិត្ត ពិតជាមានតម្លៃសម្រាប់ជីវិតខ្ញុំ។​ សេចក្តីសុខដែលពិបាករកនោះគឺ​ អាចធ្វើកិច្ចការងារដែលខ្លួនឯងស្រឡាញ់ចូលចិត្ត មិនមែនមួយខែ ឬមួយឆ្នាំតែពេញមួយជីវិត។

 

នៅពេលដែលបញ្ចប់ស្នាដៃ “ឥន្ទ្ររាជ” ដែលជាស្នាដៃដំបូងហើយ។ ឧបសគ្គបន្ទាប់ដែលខ្ញុំត្រូវជួបនោះគឺថវិកាសម្រាប់បោះពុម្ពផ្សាយ ។ វាជារឿងមិនគួរឱ្យជឿដែលកាលនោះខ្ញុំទើបតែមានអាយុ១៩ឆ្នាំ មិនទាន់ចូលរៀនមហាវិទ្យាល័យផងនិងមិនមានការងារធ្វើផងដែរ បែរជាមានគម្រោងទៅខ្ចីប្រាក់ពីធនាគារ ដើម្បីចេញផ្សាយសៀវភៅទាំងដែលមិនដឹងថា ពេលសៀវភៅចេញផ្សាយទៅមានការគាំទ្រដែលឬទេ? លក់បានប៉ុន្មានក្បាល? ឬអាចសងធនាគាររួចទេ?... ខ្ញុំបានទៅពិភាក្សាជាមួយម្ដាយនិងប្អូនប្រុសរបស់ខ្ញុំ ព្រោះពួកគាត់ធ្វើការ ដូច្នេះប្រហែលជាអាចជួយលើរឿងនេះបាន ប៉ុន្តែមិនដូចអ្វីដែលខ្ញុំគិតឡើយ។ ពួកគាត់បានបដិសេធ ដោយសារចំនួនលុយច្រើនពេក ដែលវាលើសពីសមត្ថភាព និងជីវភាពគ្រួសារ។ ពេលនោះខ្ញុំបានយំ ហើយខ្ញុំខ្លួួនឯងក៏មិនដឹងថាហេតុអ្វីបានជាខ្ញុំយំនោះដែរ ឬមួយក៏ដោយសារតែខ្ញុំរំពឹងទុកខ្លាំងពេក? មួយសប្ដាហ៍បន្ទាប់ ខ្ញុំក៏បានដាក់ស្នើរស្នាដៃឥន្ទ្ររាជទៅកាន់គ្រឹះស្ថានបោះពុម្ពផ្សាយមួយ លុះបីខែក្រោយមកក្រុមការងារបានផ្ដល់ដំណឹងថា ខាងគ្រឹះស្ថានជួបវិបត្តិហិរញ្ញវត្ថុ មិនអាចបោះពុម្ពសៀវភៅអ្នកនិពន្ធបាននោះទេ ។ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងហាក់ដូចជាអស់ផ្លូវដើរលើវិថីជាអ្នកនិពន្ធ រហូតដល់អស់ជម្រើស ខ្ញុំក៏ទាក់ទងទៅកាន់គ្រឹះស្ថានបោះពុម្ពផ្សាយសៀវភៅជីវិត ។ ខ្ញុំបើពាក្យថា “អស់ជម្រើស” ដោយសារតែខ្ញុំឃើញថាប្រភេទស្នាដៃរបស់ខ្ញុំគឺមិនមាននៅក្នុងពាក្យស្នើរសុំបោះពុម្ពផ្សាយស្នាដៃរបស់សៀវភៅជីវិតនោះឡើយ ប៉ុន្តែខ្ញុំយល់ខុសស្រឡះ ។ នៅប្រមាណជាបីខែបន្ទាប់ ក្រុមការងារបានផ្ញើសារអេឡិចត្រូនិចមកកាន់ខ្ញុំថា ស្នាដៃរបស់ខ្ញុំត្រូវបានជាប់ក្នុងការជ្រើសរើស រហូតក៏បានបោះពុម្ពផ្សាយក្នុងឆ្នាំ២០២១នេះ ។

 

អត្ថបទដោយ៖​ ទីម សុឃៀង (ម្ចាស់ស្នាដៃសៀវភៅបែប Fantasy (អច្ឆរិយ "ឥន្ទ្ររាជ" ដែលនឹងចេញផ្សាយក្នុងពេលឆាប់ៗ)

ទៅទំព័រអត្ថបទ >>