និស្ស័យ

ថុន ថាវរី

thon thavry

នាងខ្ញុំឈ្មោះ ថុន ថាវរី បានទទួលបរិញ្ញាបត្រមកពីសាកលវិទ្យាល័យ Hradec Kralove, សាធារណរដ្ឋឆែកនៅក្នុងជំនាញគ្រប់គ្រងពត៌មានវិទ្យា។ ខ្ញុំបានកើតនិងបានរស់នៅក្នុងគ្រួសារកសិករសាមញ្ញមួយនៅលើកោះតូចមួយនៅតាមដងទន្លេបាសាក់ក្នុងប្រទេសកម្ពុជា។ គ្រួសាររបស់ខ្ញុំតែងតែគាំទ្រខ្ញុំនិងឱ្យតម្លៃទៅលេីការអប់រំជាខ្លាំង។ ពួកគាត់បានលើកទឹកចិត្តខ្ញុំទៅបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់និងផ្ដល់ឱ្យខ្ញុំមានសេរីភាពក្នុងការធ្វើអ្វីដែលខ្ញុំស្រឡាញ់។ ឪពុកម្តាយរបស់ខ្ញុំតែងតែបានប្រាប់ខ្ញុំថា “ការអប់រំ” គឺជាគន្លឹះក្នុងការទទួលបាននូវភាពជោគជ័យហើយនឹងអាចកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ននេះ ខ្ញុំគឺជាអ្នកផ្សព្វផ្សាយ និងគ្រប់គ្រងផ្នែកផលិតនៅគ្រឹះស្ថានបោះពុម្ពផ្សាយ “សៀវភៅជីវិត”។ ខ្ញុំក៏ជាទាំងជាអ្នកនិពន្ធ និងអ្នកសរសេរអត្ថបទឯរាជ្យផងដែរ។ ចាប់តាំងពីកុមារភាពខ្ញុំបានសុបិនចង់ក្លាយជាអ្នកនិពន្ធនិងធ្វើដំណើរជុំវិញពិភពលោក។ ខ្ញុំបានបោះពុម្ពសៀវភៅកុមារចំនួនពីរចំណងជើងក្នុងឆ្នាំ ២០១០ និងឆ្នាំ ២០១១ ដោយអង្គការ “Room to Read” និងសៀវភៅនៃការបំផុសគំនិតជាមួយនឹងក្រុមហ៊ុនតៃវ៉ាន់ក្នុងឆ្នាំ ២០១៣។ ក្នុងឆ្នាំ២០១៧ ខ្ញុំបានបោះពុម្ពផ្សាយសៀវភៅ “A Proper Woman” ជាភាសាអង់គ្លេស ហើយក្រោយមកបានបកប្រែជាភាសខ្មែរ ដែលមានចំណងជើងថា “នារីប្រពៃ” សៀវភៅដដែលនេះដែរក៏ត្រូវបានបកប្រែ ជាភាសាឆែក និងត្រូវបានចេញផ្សាយនិងចចារចរនៅក្នុងប្រទេសឆែកចាប់ពីខែតុលាឆ្នាំ២០១៩។ នៅឆ្នាំ២០១៨ ខ្ញុំបានបោះពុម្ពសៀវភៅមួយចំណងទៀត មានចំណងជើងថា “កាពីទែនជីវិត ភាគ១” ចំណែកឯ “កាពីទែនជីវិត​ ភាគ២” ត្រូវចេញផ្សាយនៅក្នុងខែតុលាឆ្នាំ២០១៩។ ខ្ញុំតែងតែរីករាយជាមួយនឹងការធ្វើដំណើរនៅក្នុងប្រទេសនិងអន្តរជាតិផងដែរ។

សៀវភៅរបស់អ្នកនិពន្ធ