ប្រៀបធៀប

បើយើងយកខ្លួនឯងទៅប្រៀបធៀបនិងអ្នកដទៃ នោះយើងនឹងចាញ់ប្រៀបគេ ហើយគិតថាយើងមិនដល់គេ យើងមិនដូចគេ យើងមិនល្អដូចគេ…..។ យើងនឹងរកមូលហេតុជាច្រើនដែលធ្វើឱ្យខ្លួនឯងមានអារម្មណ៍ថាអន់ជាងគេ

អ្នកទាំងអស់គ្នាប្រហែលធ្លាប់មានបទពិសោធបែបហ្នឹងហើយមែនទេ?

នៅពេលដែលយើងប្រៀបធៀបកាន់តតែខ្លាំង យើងនឹងចាប់ផ្តើមឃើញខ្លួនឯងមិនល្អគ្រប់គ្រាន់ ពិបាកចិត្ត ស្រ្ដេស គេងមិនលក់ ធុញ បាក់ទឹកចិត្តជាដើម ព្រោះតែយើងមិនដូចគេ ដោយភ្លេចគិតពីអ្វីដែលយើងកំពុងមាន។

សាកគិតបែបមកវិជ្ជមានវិញ គឺមិនគួរមានហេតុផលអ្វីដែលយើងគួរយកខ្លួនឯងទៅប្រៀបនឹងអ្នកដទៃទេ ព្រោះគេនៅតែជាគេ ហើយយើងនៅតែជាយើង។ យើងមានជីវិតផ្សេងៗគ្នា បទពិសោធជីវិតក៏ផ្សេងគ្នា បរិបទជីវិតក៏មិនដូចគ្នាដែរ។ ផ្ទុយទៅវិញបើយើងគិតថា ការធ្វើជាអ្នកដទៃនឹងធ្វើឱ្យយើងមានសុភមង្គលពេញលេញនោះគឺខុសហើយ ព្រោះបើកាលណាថ្ងៃណាមួយយើងនឹងទៅមុខលេងរួច ហើយក៏បោះបង់មិនខាន ដោយសារគ្មានកម្លាំងចិត្តបន្តទៀតទេ។

បើអាចកុំប្រៀបធៀបអី ព្រោះវាមិនបានឱ្យយើងរីករាយទេ តែយើងត្រូវដឹងថាបើរីករាយចំពោះខ្លួនឯងនៅពេលបច្ចុប្បន្ន យើងនឹងមានក្ដីសុខដោយមិនបាច់គិតច្រើន ហើយខ្វល់នឹងរឿងអ្វីដែលមិនអាចទៅរួចនោះទេ។ បើយើងយករបស់ពីរមកប្រៀបគ្នា វានិងខុសគ្នា វាមានអត្ថប្រយោជន៍ផ្សេងៗគ្នា មានគុណតម្លៃផ្សេងគ្នា មានតម្លៃផ្សេងគ្នា ដុះនៅកន្លែងខុសគ្នា.....។ អ៊ីចឹងហើយយើងក៏ដូចគ្នាដែរ យើងមិនបានកើតក្នុងការចាក់ពុម្ពតែមួយនោះទេ។ បើយើងចេះពេញចិត្តនឹងខ្លួនឯង នោះយើងនឹងរស់មានក្តីសុខមិនខាននោះទេ។ កុំរវល់ប្រៀបធៀបខ្លួនឯងរហូតភ្លេចឱ្យតម្លៃខ្លួនឯង។


អត្ថបទដោយ៖ សុភារ៉ា

កែសម្រួលដោយ៖ សៀវភៅជីវិត

រូបភាពដោយ៖ ម៉ូនីកា