ទទួលស្គាល់ការពិត


មានអ្នកធ្វើការជាមួយគ្នាមួយចំនួន ឬអ្នកដែលបានស្គាល់ខ្ញុំដែលពួកគាត់បានដឹងថាខ្ញុំមានជំងឺមហារីកនោះភាគច្រើនបានសួរខ្ញុំថា៖ “ចំរើនមើលទៅមិនដូចជាអ្នកជំងឺសោះមិនបាក់បៀរ ឬតក់ស្លុតអីអ៊ីចឹង? មិនដូចជាអ្នកជំងឺមហារីកដទៃទៀតដែលខ្ញុំបានស្គាល់សោះ!”

ខ្ញុំក៏បានឆ្លើយតបទៅគាត់វិញថាអ្វីៗគ្រប់យ៉ាងគឺអាស្រ័យទៅលើការគិត និងការប្រតិបត្តិរបស់បុគ្គលរៀងៗខ្លួន។ ការពិតទៅខ្ញុំមិនមានចំណុចអ្វីពិសេសលើសអ្នកណាឡើយ។ ខ្ញុំគ្រាន់តែដាក់ចុុះនូវចរិតមានះ រឹងរូសដែលធ្លាប់មានតែប៉ុណ្ណោះ។ ខ្ញុំព្រមទទួលស្គាល់ការពិតថា ខ្ញុំជាអ្នកជំងឺម្នាក់ដែលត្រូវឆ្លងកាត់ និងកំពុងព្យាបាលពីមួយដំណាក់ ទៅមួយដំណាក់ទៀត ដោយមិនអាចចៀសវាងបាន បើសិនជាមិនទាន់ចង់ស្លាប់។

ខ្ញុំត្រូវអត់ធ្មត់ព្យាយាមតតាំងជាមួយឥទ្ធិពលថ្នាំដែលធ្វើការនៅក្នុងខ្លួន ដើម្បីកំចាត់កោសិកាមេរោគដ៏កាចសាហាវនេះ វាអាចមានឧបសគ្គជាច្រើនដែលត្រូវឆ្លងកាត់ជាចាំបាច់។ ខ្ញុំបានព្យាយាមបើកចិត្ត ទទួលយកការគាំទ្រ លើកទឹកចិត្តគ្រប់បែបយ៉ាង ពីមនុស្សជាទីស្រឡាញ់នៅជុំវិញខ្លួនខ្ញុំគ្រប់ៗគ្នា ដើម្បីសន្សំទុកជាថ្នាំប៉ូវកម្លាំងផ្លូវចិត្តដ៏សំខាន់។

ម្យ៉ាងខ្ញុំបានសន្សំទុនទុកមុនពេលដែលខ្ញុំឈឺធ្ងន់ទៅទៀត គឺខ្ញុំបានស្តាប់ព្រះធម៌ រៀនធ្វើសមាធិអប់រំចិត្តខ្លួនឯងបន្តិចម្តងៗ ដោយមិនមានការបង្ខិតបង្ខំពីបុគ្គលណាម្នាក់ឡើយ។ ទោះបីជាខ្ញុំរវល់ការងារប៉ុនណាក៏ដោយគឺ ខ្ញុំនៅតែអាចឆ្លៀតពេលបដិបត្តិទាំងការស្តាប់ និងការសមាធិបានតាមសម្រួលដែរ។ ការបដិបត្តិរបស់ខ្ញុំ គឺខ្ញុំធ្វើទៅតាមពេលវេលា ជាក់ស្តែងដែលខ្ញុំមានដោយមិនមានចិត្តអន្ទះសារអ្វីទាំងអស់។

ជាការពិតណាស់ អ្វីៗដែលបានកើតឡើងនៅលើលោក យើងនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ។ វារមែងកើតឡើងដោយមានហេតុ និងបច្ច័យដែលតាក់តែងឡើងយ៉ាងច្បាស់លាស់។


អត្ថបទដងស្រង់ពីសៀវភៅ ស្នាមកាំបិត ( ចេញផ្សាយក្នុងពេលឆាប់ៗខាងមុខ)