ក្ដីសុខក្នុងជីវិតសាមញ្ញ

ថុន ថាវរី

Feb 9, 2023

តាមពិតទៅជីវិតយើងមិនបានទាមទារអ្វីច្រើនពីយើងទេ ប៉ុន្តែយើងទេដែលតែងតែធ្វើឱ្យជីវិតកាន់តែស្មុគស្មាញ។ យើងចំណាយពេលរាប់ម៉ោងធ្វើដំណើរលើផ្លូវកកស្ទះ យើងខំធ្វើការ មិនហ៊ានឈប់ទេ (អ្នកខ្លះទោះមិនចង់ធ្វើការងារនោះក៏ដោយ ក៏នៅតែទ្រាំដែរ) ហើយមនុស្សភាគច្រើនគឺចង់បានរបស់ដែលសង្គមយើងចង់ឱ្យយើងមាន ដូចជាឋានៈ កិត្តិយស ផ្ទះធំ (មនុស្សជាច្រើនបង់រំលស់) មានឡានទំនើប មានរបស់ប្រើប្រាស់ទំនើបៗទៅតាមសម័យកាល ឬដេញតាមសេរី។ យើងក៏ខិតខំធ្វើបែបនេះដដែលៗរាប់ឆ្នាំ ពេលខ្លះទោះបីជាមានសំពាធក៏ត្រូវតែធ្វើ ព្រោះយើងជាប់ជំពាក់ច្រើនពេក។
នៅពេលដែលយើងផ្តោតទៅលើរបស់អស់ទាំងនេះពេក យើងក៏បាត់បង់ឱកាសរស់ក្នុងជីវិតសាមញ្ញ ព្រោះជីវិតបែបនេះមិនបានទាមទារអ្វីច្រើនពីយើងឡើយ។ ក្ដីសុខពិតប្រាកដគឺចេញពីខាងក្នុង មិនមែនស្វែងរកនៅខាងក្រៅខ្លួនទេ។

សម្រាប់ខ្ញុំដោយសារការធំធាត់នៅក្នុងសង្គមគ្រួសារមួយដែលមិនសូវមានរបស់ប្រើប្រាស់ហូរហៀ ហើយឪពុកម្តាយក៏មែនជាអ្នកសម្ភារៈនិយម ពេលធំឡើង ខ្ញុំក៏មិនមានការត្រេកត្រអាលចង់បានរបស់នេះ ឬរបស់នោះមិនឈប់ឈរឡើយ។ តាមរយៈការដើរឆ្លងកាត់ពេលវេលាជាង៣០ឆ្នាំមកនេះក៏ធ្វើឱ្យខ្ញុំយល់កាន់តែច្បាស់អំពីអត្ថន័យនៃជីវិតមួយនេះ។ នៅពេលខ្ញុំឃើញមិត្តភក្ដិខ្ញុំ មានសំពាធដោយសារការងារច្រើន កន្លែងធ្វើការមានតែអ្នកឈ្នានីស ហើយការងារដែលកំពុងធ្វើក៏មិនសូវជាចូលចិត្ត ប៉ុន្តែត្រូវតែធ្វើ ព្រោះតែបញ្ហាថវិកាផង និងរឿងចាំបាច់មួយចំនួនទៀតផង។ នៅពេលដែលគាត់ចប់ការងារម៉ោងល្ងាច គាត់មិនដែលមានអារម្មណ៍ល្អឡើយ មួយថ្ងៃៗរាប់តែថ្ងៃឱ្យផុតកុងត្រានឹងអាលបានឈប់ពីកន្លែងការងារនោះ។

សម្រាប់ខ្ញុំវិញ ខ្ញុំពិតជាមានអំណរគុណខ្លាំងណាស់ដែលមានឱកាសអាចធ្វើរឿងដែលខ្លួនចង់ធ្វើ មានការងារដែលគ្មានសំពាធ ព្រោះអាចធ្វើការងារដែលខ្ញុំស្រឡាញ់។ ខ្ញុំជ្រើសរើសក្ដីសុខ និងសេរីភាពជីវិត ព្រោះខ្ញុំគិតថាខ្ញុំមិនអាចរស់ជារៀងរហូតឡើយ។ ខ្ញុំទទួលស្គាល់ថា លុយពិតជាសំខាន់ក្នុងការប្រើប្រាស់ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ទិញចំណីអាហារ សម្លៀកបំពាក់ ថ្នាំស្កូវ…។ល។ ប៉ុន្តែខ្ញុំមិនអាចអនុញ្ញាតឱ្យលុយមកធ្វើជាម្ចាស់នៃជីវិតរបស់ខ្ញុំទេ។ ខ្ញុំបានរកឃើញក្ដីសុខពិតប្រាកដនៅក្នុងជីវិតសាមញ្ញរបស់ខ្ញុំ។ ពេលព្រឹកភ្ញាក់ឡើងជាមួយនឹងថាមពលសម្រាប់ថ្ងៃនេះ ហើយក៏អាចធ្វើរឿងជាច្រើនសម្រាប់ខ្លួនឯង។ មួយថ្ងៃហូបបាយ៣ពេល មានពេលធ្វើការងារខ្លះ ចំណាយពេលជាមួយក្រុមគ្រួសារខ្លះ ហើយក៏ដាំដំណាំនានាទុកគ្រាន់ហូប មិនតែប៉ុណ្ណោះខ្ញុំក៏អាចរស់នៅជាមួយធម្មជាតិយ៉ាងស្ងប់ស្ងាត់ទៀតផង។ បើឱ្យខ្ញុំជ្រើសរើស ការមានផ្ទះវីឡា មានលុយហូរហៀ តែរស់នៅក្នុងសំពាធ ខ្ញុំសុខចិត្តរស់នៅក្នុងផ្ទះតូចមួយ ដេកលើគ្រែសាមញ្ញ ប្រសើរជាង។

ជីវិតមនុស្សម្នាក់ៗតែងតែមានផ្លូវជីវិតផ្សេងគ្នា ហើយជម្រើសនៃជីវិតក៏មិនដូចគ្នាដែរ
ហើយមិនមែនមនុស្សគ្រប់រូបសុទ្ធតែចង់បានជីវិតដូចខ្ញុំពេលនេះទេ ប៉ុន្តែ
ខ្ញុំគ្រាន់តែចង់លើកឡើងពីជ្រុងមួយនៃជីវិតនេះ ព្រោះខ្ញុំបានរកឃើញក្ដីសុខក្នុងជីវិតសាមញ្ញៗដែលខ្ញុំមាន។

ទៅទំព័រអត្ថបទ >>