ស្លាកស្នាមអតីត

ម៉ៅ សំណាង

Oct 9, 2022

សំណាត់តូចៗអណ្តែតលើផ្ទៃទឹក ប្រៀបដូចជាជីវិតឥតគោលដៅ។ ចរណៃសោភាស្លៀកពាក់ជាសិស្សសាលា បង្ហាញលក្ខណៈរាបសារបំផុត ស្រីទ្រោបមុខលើស្ពានថ្មយំខ្សឹកខ្សួល៖

- ម៉ាក់កុហកកូន! ម៉ាក់ធ្វើអ្វីខ្លះដើម្បីរស់? ទោះជាលក់ត្រកួនតាមផ្សារ ក៏ចរណៃមិនខ្លាចនឹងរស់ដោយថ្លៃថ្នូរក្នុងភាពក្រីក្រដែរ ប្រសើរជាងទឹកប្រាក់ដែលធ្លាក់ថោកទាបរស់ក្នុងសង្គមខ្មែរ! ជីវិតរបស់ម៉ាក់ថោកទាបខ្លាំងណាស់ ខ្ញុំមិនត្រូវការប្រាក់របស់ម៉ាក់ទៀតទេ! មិនត្រូវការទេ!

អ្នកស្រីខាំបបូរមាត់ស្ទើរបែកឈាម៖ 

- ចរណៃ?

- កូននិយាយខុសឬ? ឡានថ្មី ពេជ្រ ទិញកិត្តិយសអស់ បើសិនជាគេគ្រប់គ្នាដឹង គ្មានអ្នកណាគេមើលមុខកូនទៀតទេ ហើយអ្វីដេលយើងប្រព្រឹត្តយូរនិងឆាប់គង់តែគេដឹង! ម៉ាក់មានកូនស្រីមិនមែនប្រុសទេ! បើម៉ាក់ស្រឡាញ់កូន មិនមែនម៉ាក់ធ្វើបែបហ្នឹងទេ! ខំចិញ្ចឹមកូនធ្វើអី? ដើម្បីអ្វី? បើជៀសសម្តីថោកទាបមិនរួចនោះ! 

អ្នកស្រីចរិយាខ្ទប់មុខយំ ពោលដោយក្ដីឈឺចាប់៖ 

- ចរណៃ! កូនពុំទាន់យល់ចិត្តមាតាក្នុងលោកនេះទេ! បើលាក់មិនជិត ម្តាយប្រាប់កូនចុះ! កុំថ្កោលទោសម៉ាក់ថាជាស្រីភ្លើតភ្លើនអី! ម្តាយជាកូនកំព្រារស់នៅជាមួយម្តាយមីងនៅភូមិអូរតាគី! ជាក្រមុំជនបទក្មេងខ្ចី ហើយស្លូតត្រង់ណាស់ ពេលម៉ាក់ពេញវ័យអាយុ១៥ឆ្នាំ ត្រូវសាច់ថ្លៃចិត្តមិនត្រង់ប្រាថ្នារំលោភលើម៉ាក់ ពេលនោះម៉ាក់គេចខ្លួន ប្តីប្រពន្ធគាត់ឈ្លោះគ្នា រាលដាលរហូតដល់បណ្តេញម៉ាក់ចេញទៀត ពេលអស់សង្ឃឹមនោះ ចក្រាកំលោះទីក្រុងម្នាក់ដែលតាមស្រឡាញ់ម៉ាក់ ពេលមានបុណ្យភូមិជាច្រើនថ្ងៃហើយនោះ តាមលួងលោមយកស្នេហាស្មោះរបស់ម៉ាក់ពិត អភ័ព្វប៉ះលើព្រាននារី! ការពិតគេមានប្រពន្ធរួចទៅហើយ! ពេលម្តាយទម្ងន់កូនបាន៣ខែ ប្រពន្ធដើមរបស់គេដឹង នាំគ្នាវាយដំធ្វើបាបម្តាយ! ចក្រាគេចបាត់ព្រោះខ្លាចប្រពន្ធរបស់គេ នាងនោះកាចផុតលេខ ម្តាយត្រូវគេវាយសន្លប់ដូចសត្វធាតុ ជីវិតជាក្ដីឈឺចាប់ខ្លោចផ្សា ម៉ាក់ក៏គេចលែងឱ្យជួបចក្រាទៀត! 

កម្មណាស់មកដល់បេនឡាន ប្រទះនឹងពួកអ្នកលេង ចាប់ស្រីយកទៅលក់ ម៉ាក់ធ្លាក់ខ្លួនក្នុងរង្គសាលជៀសមិនរួច! ម៉ាក់រកប្រាក់សងគេមិនចេះអស់ក្នុងមួយជីវិតងងឹតគ្មានពន្លឺទាល់តែសោះ ទោះរត់ក៏មិនរួចពួកថៅកែបារចិត្តខ្មៅវាយដំបង្ខំឱ្យម៉ាក់ពន្លូតកូនចេញ ដើម្បីទុកពេលរកប្រាក់ឱ្យគេ ដើម្បីកូន ម៉ាក់អង្វរសុំទុកកូនឱ្យកើត ដោយចុះខសន្យាថា រកប្រាក់ឱ្យគេ១០ឆ្នាំ ដោយគ្មានយក១រៀលទេ ទើបគេព្រម! ចរណៃកូនស្អប់ម៉ាក់ចុះ ម៉ាក់ជាស្រីអាក្រក់ណាស់ ព្រោះម៉ាក់គ្មានឱកាសនឹងផ្តល់សេចក្ដីសុខឱ្យកូនដូចគេដទៃទេ! ក្រោយពីរយៈពេល១០ឆ្នាំ ម៉ាក់ត្រូវការប្រាក់ឱ្យកូនរៀនសូត្រនឹងគេ! ម៉ាក់ត្រូវខ្ចីលុយថៅកែ ហើយត្រូវសងគេគ្មានថ្ងៃចប់! ហ្នឹងហើយទឹកភ្នែកស្រីផ្កាមាសណា៎កូន!

ចរណៃស្លុតស្លុងអស់វិញ្ញាណ ម៉ាក់អភ័ព្វណាស់។ មែន! ខ្លួននាងក៏ជួបប្រទះហើយ ស្រីស្អាតក្រខ្សត់ជាចំណីតណ្ហារបស់ប្រុសទឹកប្រាក់ពិតណាស់ ឆោមល្អឱបម្តាយ យំខ្សឹកខ្សួល៖

- ម៉ាក់! ម៉ាក់របស់កូន! 

- ចរណៃកូន! 

ម្តាយនិងកូនឱបគ្នាយំលើស្ពាន។

ទៅទំព័រអត្ថបទ >>