របស់ដែលបាត់បង់ទៅ

មិនថារបស់ដែលយើងប្រើប្រាស់ប្រចាំថ្ងៃ ឬរបស់របរផ្សេងៗ ភាគច្រើនយើងតែងស្រឡាញ់វា នឹកឃើញពីតម្លៃវា នៅពេលដែលបាត់បង់វា។ ក្នុងនោះតែងមានអ្វីម្យ៉ាងដែលយើង ស្រឡាញ់ជាទីបំផុត ដែលតែងយកតាមខ្លួនមិនដែលខាន ហើយយើងតែងប្រយ័ត្នបំផុតមិនឱ្យបាត់បង់វាឡើយ។ ចៃដន្យមានពេលមួយដែល យើងភ្លេចវានៅកន្លែងណាមួយដោយមិនដឹងខ្លួន ដល់ពេលចង់រកក៏ហួសពេលទៅហើយ។ ពេលខ្លះយើងមិនដែលគិតថានឹងបាត់បង់អ្វីមួយទេ ប៉ុន្តែពេលនោះមកដល់ យើងក៏មានអារម្មណ៍អស់សង្ឃឹម ខឹងនឹងខ្លួនឯង ខឹងនឹងមនុស្សជុំវិញខ្លួន ពេលខ្លះដល់ថ្នាក់ចង់បោះបង់ខ្លួនឯងទៀតផង ដោយគិតថាមិនអាចរស់ដោយគ្មានវាបាន។ តាមពិតទៅនៅលើលោកនេះ គ្មានអ្វីដែលស្ថិតស្ថេរនៅជាមួយយើងរហូតនោះទេ របស់ប្រើប្រាស់ទាំងនោះតែងមានថ្ងៃផុតកំណត់របស់វា។ បើនិយាយពីមនុស្សក៏មិន អាចនៅជារៀងរហូតដែរ។ 


ដូចនេះ ខ្ញុំចង់ប្រាប់ថា គួរថែរក្សាអ្វីៗដែលខ្លួនកំពុងមានឱ្យល្អ កុំចាំដល់ពេលបាត់បង់ទៅ ទើបនឹកស្តាយក្រោយ។ ពេលខ្លះអាចនៅមានឱកាស ពេលខ្លះទៀតឱកាសមានតែម្តងនោះទេ អ៊ីចឹង ទោះជាឱកាសមានប៉ុន្មានដងក៏ត្រូវ ចំណាយពេលថែរក្សាវាឱ្យល្អ។ មួយទៀត ខ្ញុំក៏ចង់ប្រាប់ដែរថា កុំប្រគល់ការស្រឡាញ់ទៅលើរបស់ ឬនរណាម្នាក់ខ្លាំងពេក ព្រោះចុងក្រោយមានតែខ្លួនឯងទេ ដែលនៅជាមួយខ្លួនឯងយូរបំផុត។ ប្រសិនបើអ្នកលះបង់ខ្លួនឯងហើយ គ្មានអ្នកណាអាចមកស្រោចស្រង់វិញបានទេ។ កុំគិតថាយើងមិនអាចរស់ដោយគ្មាននរណាម្នាក់នោះ នេះគ្រាន់តែជាការគិតរបស់អ្នកតែប៉ុណ្ណោះ។ 


ពេលដែលបាត់បង់អ្វីមួយ អ្នកត្រូវរៀនធ្វើចិត្ត ទទួលយកការពិត ហើយត្រូវបន្តដើរទៅមុខទៀត កុំឈប់ត្រឹមនេះ។ នេះជាជីវិតពិត មិនមែនរឿងភាគដែលអាចចាក់សារឡើងវិញម្តងហើយម្តងទៀតនោះទេ។ 


«ជីវិតនឹងពិបាកជាងមុន ពេលដែលអ្នកផ្សាភ្ជាប់ខ្លួនអ្នកទៅនឹងអ្វីមួយខ្លាំងពេក»



អត្ថបទដោយ៖ នុត ពិសិដ្ឋរចនា article by

កែសម្រួលដោយ៖ សៀវភៅជីវិត edited by

ទៅទំព័រអត្ថបទ >>