ឈ្មោះខ្ញុំគឺ “ស្រី”

- ត្រឹមជាមនុស្សស្រី មិនយូរទេស្រី នឹងមានប្តីសី មានកូន មានចៅ!
- ត្រឹមជាមនុស្សស្រី ធ្វើស្អីមិនកើត កិច្ចការធំដុំយកជាការណ៍មិនកើត!
- ត្រឹមជាមនុស្សស្រី ត្រូវតែធ្វើខ្លួនឱ្យស្អាតដើម្បីគាប់ចិត្តប្តី!
- ត្រឹមជាមនុស្សស្រី ត្រូវតែចេះកិច្ចការផ្ទះ បោកគក់ មើលថែផ្ទះសំបែងឱ្យបានល្អ!
- ត្រឹមជាមនុស្សស្រី កុំចង់ស្រមៃខ្ពស់ ព្រោះវាទៅមិនរួចទេ មិនយូរមិនឆាប់ នឹងក្លាយជាស្ត្រីមេផ្ទះ និងជាប្រពន្ធគេ សូម្បីតែវិលក្បាលចង្ក្រានក៏មិនជុំផង!

ទាំងមនុស្សនៅជុំវិញខ្លួន ទាំងសង្គមតែងតែគិតថា ខ្ញុំនេះគឺមិនគួរដើរឆ្ងាយ មិនគួរធ្វើនេះ មិនគួរធ្វើនោះ ធ្វើនេះមិនកើត ធ្វើនោះមិនកើត ក៏ព្រោះតែសង្គមបានត្រឹមដាក់ឈ្មោះឱ្យខ្ញុំថា “មនុស្សស្រី!”
កើតមកជាស្រី មានអ្វីត្រូវខុស? កើតជាមនុស្សស្រី ក៏ចេះមានក្តីស្រមៃ មានមហិច្ចតា ចង់ចេះ ចង់ដឹង ចង់ស្គាល់ពិភពខាងក្រៅ ចង់មានភាពរឹងមាំផ្នែករាងកាយ និងស្មារតី ចង់ក្លាយជាមនុស្សស្រីដែល មានភាពឯករាជ្យ  និងភាពជឿជាក់លើខ្លួនឯង។ ប៉ុន្តែបើខ្ញុំតែម្នាក់ក៏ពិបាកនឹងយកឈ្នះរបាំងទាំងនេះណាស់ ប្រសិនបើខ្ញុំមិនបានទទួលការគាំទ្រពីមនុស្សជុំវិញខ្លួន មនុស្សជាទីស្រឡាញ់ និងសង្គមរបស់ខ្ញុំ។
ហេតុអ្វីចាំបាច់ដាក់លក្ខខណ្ឌច្រើនម្ល៉េះ បើគ្រាន់តែខ្ញុំកើតមកជាស្រី? ធ្វើម្តេចដឹងថាខ្ញុំធ្វើការធំដុំមិនកើត? ធ្វើម្តេចដឹងថាខ្ញុំទៅណាមិនបានឆ្ងាយ? ធ្វើម្តេចដឹងថាខ្ញុំមិនអាចស្រមៃខ្ពស់?...បើមិនទាន់ផ្តល់ឱកាសឱ្យខ្ញុំផង?
ជីវិតខ្ញុំមានតម្លៃលើសពីនាម “ត្រឹមជាមនុស្សស្រី!”

ទៅទំព័រអត្ថបទ >>