ចិត្តភ្លើង

ម៉ៅ សំណាង

Oct 9, 2022

កំលោះបើកឡានតម្រង់ទៅហាងបំពេរ ស្រាប់តែមានឡានមួយបើកមកពាំងមុខឡានគេជាប់។ ខេមរិន្ទអើតក្បាលចេញពីក្នុងឡានទាំងងឿងឆ្ងល់ គឺវិវ៉ាន់តែម្តង ទម្រាំតែរកឃើញហាងបំពេរ ចរណៃរៀបការតាំងពីម្សិលមិញរួចទៅហើយ។ គេសើុបដឹងរឿងអ្នកស្រីចរិយា ទើបគេតាមមករកជួបខេមរិន្ទ ដោយក្ដីឈ្នានីសតាំងចិត្តថា បំបែកបំបាក់ចរណៃឱ្យបាន ហើយយកនាងមកនៅជាមួយដើម្បីឈ្នះចិត្ត៖

- អូហ៍! សួស្តីលោកខេមរិន្ទ!

មាណពជ្រួញចិញ្ចើម៖

- ខ្ញុំដូចជាពុំធ្លាប់ស្គាល់លោកទេ!

- អូហ៍! លោកពុំដែលស្គាល់ខ្ញុំ តែខ្ញុំស្គាល់លោក! ខ្ញុំមកនេះចង់ប្រាប់លោកឱ្យដឹងពីការពិត កុំឱ្យរូបលោកក្លាយទៅជាឈ្នាន់របស់គេប៉ុណ្ណោះ! 

- រឿងស្អីទៅ! 

វិវ៉ាន់ចុះពីឡានមកឈរជក់បារីបង្ហុយផ្សែង ផ្អែកនឹងដើមក្ងោក៖

- លោកចុះសិនមក ទើបស្រួលនិយាយគ្នា!

ខេមរិន្ទបើកទ្វារឡានចុះមកតាមសម្រួល វិវ៉ាន់សើចស្ងួត៖

- ខ្ញុំគឺជាសង្សាររបស់ចរណៃ ការពិតនាងជាកូនស្រីរបស់អ្នកស្រីចរិយាបង្កើតទេ! ទាំងម្តាយ ទាំងកូនលោភលន់ទ្រព្យសម្បត្តិរបស់លោកណា៎ដឹងទេ? ព្រោះតែឃើញលោកសល់កេរ្តិ៍មរតកច្រើន ទើបចរណៃក្បត់ចិត្តខ្ញុំមករៀបការជាមួយលោក! ម្តាយលោកបោកឪពុកលោកវាបានតិចពេក ទើបបញ្ជាកូនមកថែមទៀត! សុទ្ធតែជាជំពូកស្រីចិត្តស្រាល ខ្ញុំកោតតែលោករៀបការមិនស្គាល់ពីប្រវត្តិរបស់ប្រពន្ធលោកបែបនេះ ខ្ញុំយល់ដល់ប្រុសដូចគ្នា មិនចង់ឱ្យលោកស្តាយក្រោយដូចខ្ញុំតែប៉ុណ្ណោះ! 

- ថាម៉េច? ចរណៃជាកូនស្រីរបស់ចរិយា? អ៊ីចឹងបានជាប៉ារបស់ខ្ញុំធ្វើបែបនេះ! ឱ្យស្រឡាញ់ត្រឹមតែម៉ែទៅមិនគ្រប់គ្រាន់ ឱបក្រសោបទាំងកូនថែមទៀត មែនទេ?

វិវ៉ាន់ញញឹមក្នុងន័យជោគជ័យ៖

- លោករៀនសូត្របានប៉ុនហ្នឹងដែរ មានទៅល្ងង់អី គិតមើលខ្លួនឯងទៅ! ពេលនេះលោករៀបការជាមួយនាងរួច នាងមានសិទ្ធិជាប្រពន្ធពេញច្បាប់របស់លោកហើយ! ទោះជាយ៉ាងណាក៏លោកចាញ់ជំហានរបស់គេរួចស្រេចហើយ!

ខេមរិន្ទឆេះឆួលពេញទ្រូង គេជាមនុស្សរឹងរូសណាស់ មិនព្រមឱ្យអ្នកណាដើរខ្សែលើក្បាលបែបនេះទេ ដូចជាចាញ់ល្បិចមួយដ៏ងងឹត។ ខេមរិន្ទសើចក្អាកក្អាយ តែក្នុងន័យកំបុត៖

- អូហ៍ូ! ច្រឡំហើយលោក! ទោះជារៀបការរួច ក៏ខ្ញុំមិនប្រគល់សិទិ្ធនេះដល់មនុស្សលោភលន់ទាំងនោះដែរ ពួកវាច្បាស់ជាខកចិត្តស្រឡះហើយ! ខ្ញុំមិនត្រូវការស្រីធន់ហ្នឹង មកដើរលើក្បាលខ្ញុំទេ!​ ហឹុះ! ចរណៃចេះរៀបឫកជាស្រីរាបសាបានល្អណាស់! តែនាងឯងមិនទាន់ស្គាល់ចិត្តខេមរិន្ទនៅឡើយទេ! ស្អប់ម៉ែមិនទាន់ទាំងមើលមុខផង ថែមកូនមកបង្វក់ក្បាលទៀត! ជាមួយខេមរិន្ទបែបទៅមិនរួចទេ! អរគុណហើយដែលលោកប្រាប់ដំណឹងល្អនេះដល់ខ្ញុំ! 

ទៅទំព័រអត្ថបទ >>