អារម្មណ៍ចម្លែក

ថុន ថាវរី

Feb 9, 2023

អ្នកដែលមានអារម្មណ៍បែបនេះអត់ ពេលដែលអ្នកទំនេរពេក អ្នកគិតថាអ្នកឥតប្រយោជន៍ណាស់ គួរតែទៅរកការងារធ្វើ ឬរៀនអ្វីដែលថ្មី ប៉ុន្តែពេលដែលអ្នកបានចូលរួមក្នុងសកម្មភាពផ្សេងៗ ដែលអ្នកគិតថាមានប្រយោជន៍នោះ អ្នកបែរជារអ៊ូរថា មិនដឹងជាស្អីទេ ជួញទុក្ខដាក់ខ្លួនទៀតហើយ ទំនេរមិនចង់ទេ។ 


អារម្មណ៍មួយនេះ បានកើតមកលើខ្ញុំជារឿយៗ ហើយការដែលធ្វើឱ្យខ្លួនឯងរវល់នោះ ក៏បានរៀនបានអ្វីថ្មីដោយមិនដឹងខ្លួនដែរ។ គ្រាន់តែថា ពេលខ្លះចង់តែសម្រាក បង្កើនថាមពលជីវិតមកវិញ ប៉ុន្តែការសម្រាកទាំងនោះ ហាក់មិនចេះស្កប់ស្កល់សោះ ដោយពេលខ្លះ សម្រាកហើយមកវិញមិនចង់ទទួលយកការពិត ដែលត្រូវទៅរៀន ទៅធ្វើការនោះវិញទេ។


អ្វីដែលខ្ញុំបានរៀនពីវានោះគឺ នេះជារឿងធម្មតាទេ ដែលយើងទទួលអារម្មណ៍បែបនេះ ព្រោះខ្ញុំក៏ធ្លាប់និយាយជាមួយមិត្តភក្តិប៉ុន្មាននាក់ពីរឿងនេះដែរ។ អ្វីដែលសំខាន់នោះគឺ ការដែលចង់ចេះនេះ ចង់ធ្វើនោះ នៅតែបន្ត ហើយស្វែងរកខ្លួនឯងមកវិញក្រោយការសម្រាកម្តងៗ។ មូលហេតុនោះគឺ យើងកើតមកជាមួយច្បាប់ធម្មជាតិមួយ ដែលកំណត់ឱ្យយើងជួយខ្លួនឯង ត្រូវរកដោយខ្លួនឯង ទើបរបស់នោះនៅជាមួយយើងបានយូរ។ 


មានពេលខ្លះទៀតក៏ឆ្ងល់ថា តើយើងគួរធ្វើអ្វីទៅ បើមិនច្បាស់ថា ខ្លួនចង់ធ្វើអ្វី ឬមានគោលដៅអ្វី ដើម្បីសម្រេចនោះ? តាមពិតទៅ ការដែលអាចស្វែងរកខ្លួនឯងបាននោះ គឺស្ថិតនៅលើការសួរខ្លួនឯងជារៀងរាល់ថ្ងៃ ដែលនេះជាសំណួរជំរុញឱ្យអ្នកទៅធ្វើអ្វីមួយ ដើម្បីស្វែងរកវា។ ពេលខ្លះអាចនឹងខឹងខ្លួនឯង ពេលដែលគិតដល់រឿងនេះ ខឹងម៉េចបានខ្លួនឯងឥតបានការម្ល៉េះ ប៉ុន្តែត្រូវដឹងថា មិនមែនមានតែយើងទេដែលអ៊ីចឹងនោះ សំខាន់ថាតើយើងបានធ្វើអ្វីខ្លះ ដើម្បីស្វែករកខ្លួនឯង។ 


ប្រសិនបើអ្នកដេកស្ងៀមហើយមិនធ្វើអ្វីនោះ អ្នកនឹងក្លាយជាអ្នកចាញ់នឹងជីវិតខ្លួនឯងដ៏ពិតប្រាកដហើយ។ 


ដូចនេះ ចូរកុំអស់សង្ឃឹម យើងអាចនិងទៅយឺតជាងគេ តែយ៉ាងហោចណាស់យើងកំពុងខំប្រឹងហើយ មិនមែនដេកចាំសំណាងនោះទេ។ ការខំប្រឹងប្រែងកាន់តែខ្លាំង លទ្ធផលដែលទទួលបាន មានកាន់តែច្រើន។


អត្ថបទដោយ៖ នុត ពិសិដ្ឋរចនា

កែសម្រួលដោយ៖ សៀវភៅជីវិត

ទៅទំព័រអត្ថបទ >>