ឥន្រ្ទរាជ ដែលមិត្តអ្នកអានកំពុងតែកាន់ក្នុងដៃនេះ គឺជាស្នាដៃប្រលោមលោកច្នៃប្រឌិតបែបផ្សងព្រេងដំបូងដែលបានសម្រិតសម្រាំងឡើងជាពិសេសដើម្បីបំពេញតម្រូវការដល់មិត្តអ្នកអានគ្រប់មជ្ឍដ្ឋានទាំងអស់។ ជឿជាក់ថាមិត្តអ្នកអាន នឹងទទួលបានចំណីអារម្មណ៍ប្លែក ដ្បិតសាច់រឿងទាំងមូលមានលក្ខណៈអភីនិហារសិល្បសាស្រ្ដ ដោយផ្សារភ្ជាប់នឹងពិភពក្រៅពីមនុស្សមានពពូកបិសាចជាដើម។ យ៉ាងណាក៏ដោយក៏ស្នាដៃដំបូងមួយនេះនៅតែចៀសមិនផុតពីកំហុសឆ្គងនិតចំនុចខ្វះខាតហើយ ខ្ញុំបាតរីករាយស្វាគមន៍ជានិច្ចក្នុងការទទួលយកនូវមតិរិះគន់នានាពីមិត្តអ្នកអាន ដើម្បីស្ថាបនាក៏ដូចជាអភិវឌ្ឍស្នាដៃបន្ដបន្ទាប់ឱ្យកាន់តែល្អប្រសើរជាងមុនថែមទៀត។
‘ជីវិតប្រៀបដូចជាការផ្សងព្រេងប៉ុន្ដែការផ្ដងព្រេងនៅក្នុតជីវិតខុសពីការផ្សងព្រេងនៅក្នុងសៀវភៅ។’
“ម៉េចនៅលើផែនទីគ្មានអ្វីសោះអ៊ីចឹង?” រាជរហ័សសួរទៅនាងក្រមុំ។
“កុំទាន់អាលនិយាយ សាកមើលឱ្យច្បាស់សិនទៅមើល!” ទេវីតបចប់ រាជរហ័សយកផែនទីវេទៈមកដាក់ជិតភ្នែក ដើម្បីពិនិត្យមើលឱ្យច្បាស់។ លុះនៅពេលពិនិត្យមើលសព្វអស់ហើយនៅតែមិនឃើញមានអ្វីដដែល។
“នៅតែគ្មានឃើញអ្វីដដែលហ្នឹង! ខ្ញុំដូចជាមិនយល់សោះ ក្រែងក្នុងសៀវភៅដែលយើងមើលនោះគេនិយាយថា ត្បូងទាំង៤គ្រាប់អាចធ្វើឱ្យផែនទីមានថាមពលឡើងវិញ ចុះពេលនេះម៉េចក៏អត់ទៅវិញ?”
នាងក្រមុំទេវីស្ងាត់មាត់ឈឹង មិនតបជាមួយកំលោះសោះសូម្បីមួយម៉ាត់។ ប៉ុន្ដែតាមមើលទៅអាការៈហាក់ដូចជាកុះពុងតែគិតរកនឹកអ្វីមួយចេញពីការចងចាំរបស់នាង។
“អូស៍! ភ្លេចឱ្យឈឹងទៅ!” នាងឧទានឡើងភ្លាម “និយាយរឿងសៀវភៅអ៊ីចឹងខ្ញុំទើបតែនឹកឃើញ! នៅក្នុងសៀវភៅដែលពួកយើងមើលនោះគេបាននិយាយថា វាជាផែនទីវេទមន្ដគ្មានរូបភាពអ្វីឡើយនៅលើផែនទី ហើយអ្នកដែលអាប្រើប្រាស់ផែនទីនេះបាន ត្រូវតែជាមនុស្សមានចំហាយធាតុព្រះ ឬមនុស្សពាក់កណ្ដាលព្រះ ត្រូវម៉ាច់តែម្ដង ឯងមានចំហាយធាតុព្រះ អ៊ីចឹងគួរតែអាចប្រើប្រាស់វាបានហើយ។”
“ខ្ញុំ?” រាជតបដោយភ្ញាក់ផ្អើលបន្ដិច។
“ត្រូវហើយ គ្មានអ្នកណាគេទៀត!”
“បើអ៊ីចឹងប្រើវាយ៉ាងម៉េចទៅ?”