ធឿន សុធា

ខ្ញុំបាទឈ្មោះ ធឿន សុធា កើតនៅឆ្នាំ១៩៨៥ ជាកូនទី២ក្នុងចំណោមបងប្អូន ៦នាក់ (ប្រុស៣ ស្រី៣)។ ខ្ញុំបានចាប់កំណើតនៅក្នុងគ្រួសារកសិករមួយ នៅភូមិថ្មី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពី។     ខ្ញុំបាទបានចូលរៀនជាលើកដំបូង នៅអាយុ ៨ឆ្នាំ រៀនថ្នាក់ទី១ ក្នុងឆ្នាំ១៩៩៤ នៅសាលាបឋមសិក្សាភូមិថ្មី។ បន្ទាប់មក ខ្ញុំបានបន្តការសិក្សាថ្នាក់ទី៧  នៅឯអនុវិទ្យាល័យសំរោងហើយបានបានបញ្ចប់មធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅឆ្នាំ២០០៣។ ខ្ញុំបានចាកចេញពីស្រុកកំណើត ដើម្បីបន្តការសិក្សាថ្នាក់ទី១០ នៅវិទ្យាល័យឧដុង្គ ដោយត្រូវស្នាក់នៅវត្តវាំងចាស់ ស្ថិតក្នុងឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយបានប្រលងបញ្ចប់កម្រិតមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំ២០០៦។    

ខ្ញុំបានមកសិក្សាបន្តនៅទីក្រុងភ្នំពេញ គឺនៅឆ្នាំ២០០៧ ដោយស្នាក់នៅទីតាំងស្តុកឈើមួយកន្លែង នៅម្តុំវិទ្យាល័យបឹងត្របែក។ ខ្ញុំបានចំណាយពេល៤ឆ្នាំ ដើម្បីបញ្ចប់ថ្នាក់បរិញ្ញបត្រ លើមុខជំនាញ វិទ្យាសាស្រ្តកុំព្យូទ័រ គឺនៅឆ្នាំ២០១០ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។ ខ្ញុំបានឱកាសទទួលបានការងារធ្វើជាលើកដំបូងនៅឆ្នាំ២០០៨ ដោយបម្រើការងារនៅក្រុមហ៊ុនឯកជនមួយ ធ្វើជាអ្នកកាត់តរូបភាព ហើយធ្វើការបានរយៈពេល ២ឆ្នាំ ក៏មានឱកាសទៅធ្វើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយកន្លែង ដោយធ្វើជាមន្រ្តីគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ហើយក៏ត្រូវនឹងជំនាញ ដែលបានសិក្សា នៅសាកលវិទ្យាល័យផងដែរ។ ខ្ញុំបានខិតខំបំពេញការងារអស់រយៈពេលជាង ៦ឆ្នាំ ដោយត្រូវបានក្រុមហ៊ុនតម្លើងតំណែងជាបន្តបន្ទាប់ តាំងពីតួនាទីមន្រី្តកម្រិតទាប រហូតបានក្លាយទៅជាប្រធានផ្នែកហើយបានលាលែង នៅចុងឆ្នាំ២០១៦។ ស្របពេលនោះ ខ្ញុំទទួលបាន ឱកាសការងារថ្មី ដែលតំណែងកាន់តែខ្ពស់ គឺធ្វើជាប្រធាននាយកដ្ឋានវិញម្តង នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយទៀត រួចមកខ្ញុំក៏បានសម្រេចចិត្តបញ្ចប់អាជីពជាអ្នកធ្វើការឱ្យគេ នៅដើមឆ្នាំ២០២០។ 

ដោយយោងលើបទពិសោធការងារ ចំណេះជំនាញ និងចង់ដើរតាមអ្វីដែលជាក្តីស្រមៃ ឬជាគោលដៅជីវិតពិតរបស់ខ្លួនឯង ហើយវាកាន់តែធំឡើងៗដែលអាចជួយដោះស្រាយបញ្ហារបស់មនុស្សទូទៅបានច្រើន។ ដើម្បីអាចធ្វើរឿងទាំងអស់នេះបាន ខ្ញុំបានចាប់ផ្តើមបង្កើតក្រុមហ៊ុនជាមួយនឹងមិត្តភក្តិ គឺនៅដើមឆ្នាំ២០២០ ដែលមានឈ្មោះថា នទីភូមី សឹលូសិន ឯ.ក (នទី) ជាកន្លែងផ្ទុកព័ត៌មាន អំពីឱកាសការងារ បេក្ខជន និងវីដេអូល្អៗ ជាមួយប្រព័ន្ធគ្រប់គ្រងដ៏ទំនើប។    ទៅថ្ងៃអនាគត ខ្ញុំមានគោលបំណងចង់ឃើញក្រុមហ៊ុនទទួលបានជោគជ័យ មានកេរ្តិ៍ឈ្មោះល្អ ហើយជាក្រុមហ៊ុនតែមួយគត់ ដែលប្រើប្រាស់នូវបច្ចេកវិទ្យាឈានមុខគេ បានអភិវឌ្ឍឡើងដោយកូនខ្មែរយើង។ លើសពីនេះ ខ្ញុំមានក្តីស្រមៃធំធ្វើជាអ្នកនិពន្ធសៀវភៅ ជាអ្នកចែករំលែកចំណេះដឹង និងបទពិសោធជីវិតដល់អ្នកទន់ខ្សោយ៕

No items found.

បន្តភ្ជាប់ទំនាក់ទំនង

វេបសាយផ្ទាល់ខ្លួន