វាចាអ្នកនិពន្ធ
នៅក្នុងស្នាដៃមួយនេះ អ្នកអានប្រាកដជាសង្កេតឃើញថាតួទាំងអស់របស់ខ្ញុំ មិនមានអ្នកណាម្នាក់ល្អឥតខ្ចោះឡើយ សូម្បីតែតួឯកទាំងពីររបស់ខ្ញុំព្រោះថាក្នុងជីវិតពិត គ្មានអ្នកណាម្នាក់ដែលល្អឥតខ្ចោះនោះទេ។ មនុស្សពេលខ្លះក៏ឆ្លាត ពេលខ្លះក៏រឹងមាំពេលខ្លះក៏ទន់ខ្សោយ ពេលខ្លះក៏ល្អ ពេលខ្លះក័អាក្រក់…។ អ្វីដែលពូកគេបានធ្វើសុទ្ធតែមានហេតុផលជាហេតុផលដែលពួកគេសម្រេចចិត្តជ្រើសយក ហើយ ខ្សែជិវិតរបស់ពួកគេក៏ប្រែប្រួលទៅតាមការជ្រើសរើសរបស់ពួកគេ។
ខ្ញុំសង្ឃឹមថាស្នាមដៃមួយនេះនឹងធ្វើឱ្យអ្នកអានទទួលបានការកម្សាន្ដអារម្មណ៍ផង និងទទួលបានសារអប់រំមួយចំនួនដែលមាននៅក្នុងសាច់រឿងនេះផង ហើយសង្ឃឹមថាសារអប់រំទាំងនោះនឹងអាចក្លាយជាប្រយោជន៍សម្រាប់អ្នកអានរាល់រូបយកទៅប្រើប្រាស់នៅក្នុងដំណើរជីវិតរបស់ខ្លួន ទោះតិច ឬច្រើនក្ដី។
- អូន! អូនអ្ហា៎! ទៅណាបាត់ហើយហ្នឹង? ម៉េចក៏ប្រហែសអត់ចាក់សោទ្វារអ៊ីចឹង?
ពិសិដ្ឋស្រែកហីប្រពន្ធបណ្ដើរ ដើរលឿនស្លេវចូលទៅក្នុងផ្ទះបណ្ដើរ។ គេមិនបានចុចកុងតាក់បើកភ្លើងនៅក្នុងផ្ទះទេ គឺដើរលឿនស្លេចសំដៅបន្ទប់គេងរបស់គេដែលនៅជាន់ក្រោមនោះតែម្ដង។ គេយកដៃមួលគន្លឹះទ្វារ រួចលូកដៃចុចបើកកុងតាក់ភ្លើងដែលនៅជាប់មាត់ទ្វារផ្នែកខាងឆ្វេងដៃរបស់គេ។ ភ្លើងក្នុងបន្ទប់ភ្លឺចិញ្ចាចភ្លាមមួយរំពេច។
- ម៉ែអើយជួយ!
ពិសិដ្ឋបើកភ្នែកធំៗ ឧទានដោយភ្ញាក់ផ្អើល ដំណាលគ្នានឹងរាងកាយរបស់គេដួលអុកគូទទៅលើកម្រាលឥដ្ឋ ឮសូរព្រូស។