ជីវិតប្រៀបដូចជាជារូបផ្គុំ បណ្តុំនៃបទពិសោធជាច្រើន ឆ្លងកាត់មួយដំណាក់កាល ហាក់ដូចជារកបានរូបផ្គុំមួយបំណែកដាក់ចូលទៅក្នុងប្រឡោះទទេស្អាតមួយ ហើយយើងក៏ត្រូវស្វែងរកបំណែកថ្មីមួយទៀតជាបន្តបន្ទាប់។
និយាយដោយស្មោះត្រង់ចុះ ការនិពន្ធប្រលោមលោករបស់ខ្ញុំ ពុំមែនជាការផ្គុំដែលល្អឥតខ្ចោះគ្មានចំណុចទាស់ទេ តែខ្ញុំបែរជាស្វែងរកចំណុចខ្វះខាត ដើម្បីអាចស្វែងរករូបផ្គុំឱ្យបានត្រឹមត្រូវទៅវិញ។ តាំងពីចាប់ផ្តើមនិពន្ធកំណត់ហេតុពណ៌ស្វាយ ភាគមួយ ខ្ញុំពុំដែលគិតសោះថានឹងមានភាគ២។ តែដោយសារការស្វែងរកចំណុចខ្វះខាតនោះ នាំឱ្យខ្ញុំអាចស្វែងរកភាគ២ ក៏ឡើងជាភាគបី និងភាគ៤ទៀត។ តែប្រសិនបើខ្ញុំរង់ចាំទាល់តែអាចរកឃើញគ្រប់បំណែកផ្គុំ ទើបចាប់ផ្តើមដើរនោះ ខ្ញុំប្រហែលជាមិនអាចមកដល់ទីនេះទេ។
និយាយជារួម សូម្បីតែសៀវភៅដែលមិត្តអ្នកអានកំពុងកាន់នឹងដៃក្នុងពេលនេះ គឺសុទ្ធតែជាសមទ្ធិផល ដែលកើតឡើងចេញពីការស្វែងរកចំណុចខ្វះខាតខ្លួនឯង ហើយរកកន្លែងបំពេញវាស្របពេលដែលក្លាហានបោះជំហានទៅមុខម្តងបន្តិចៗ ប្រកបដោយក្តីអំណត់។
ដំណើរនេះធ្វើឱ្យខ្ញុំអាចរកឃើញថា វាមានសេចក្តីសុខម្យ៉ាងបង្កប់នៅក្នុងភាពអត់ធ្មត់ ហើយក៏មានសម្រស់ម្យ៉ាងស្ថិតនៅក្នុងការដើរទៅមុខសន្សឹមៗ តាមល្បឿនរបស់យើង ដោយមិនប្រញាប់ប្រញាល់តាមលោកិយ ដ្បិតអីការដើររបស់យើងម្នាក់ៗ មានជំហាន និងល្បឿនខុសៗគ្នា។ អ្នកខ្លះក៏អាចនិពន្ធចប់មួយរឿងក្នុងមួយខែ ខ្លះក៏ឡើងទៅដល់មួយឆ្នាំ។ ការប្រៀបធៀប បានត្រឹមតែដាក់សម្ពាធឱ្យយើងតែប៉ុណ្ណោះ។ ដូច្នេះស្របពេលដែលការសម្រេចគោលដៅ ជារឿងសំខាន់ ការទទួលស្គាល់ល្បឿនរបស់ខ្លួនឯង ក៏ជារឿងសំខាន់ដែរ។ ការដើរដោយស្គាល់ល្បឿនខ្លួនឯង ធ្វើឱ្យយើងអាចដើរបានយូរ និងមិនងាយហត់ រត់តាមអ្នកដទៃ។
ទីបំផុត ការដើរយឺតៗរបស់ខ្ញុំ បានមកដល់គោលដៅហើយ។ សៀវភៅទីបួននេះគឺជាលទ្ធផលនៃការស្វែងរកបំណែកផ្គុំថ្មី ដើម្បីបំពេញសិល្បៈនៃភាពស្រមើស្រមៃរបស់ខ្ញុំ ហើយក៏ដើម្បីឆ្លើយតបនឹងតម្រូវការរបស់មិត្តអ្នកអានដែលស្រឡាញ់សិល្បៈស្រមើស្រមៃមួយនេះផងដែរ។
សង្ឃឹមថាភាគបន្ត នៃបុរសឈុតពណ៌ស នេះគឺជាអនុស្សារីយ៍ថ្មី បំពេញក្តីសុខអ្នកអាន ដែលបានរួមដំណើរជាមួយខ្ញុំតាំងពីដើមមក។
ដៃក្នុងដៃ
កំពុងតែសើចក្អាកក្អាយ សប្បាយនឹងការជិះកង់ ស្រាប់តែកង់ដ៏តូចគួរឱ្យស្រឡាញ់របស់ខ្ញុំបុកនឹងដុំថ្មមួយដុំធំក្រឡាច់ចូលទៅក្នុងគុម្ពផ្កាឈូករ័ត្នឯណោះ។
បងវុធចាប់ហ្វ្រាំងង៉ក់ សើចក្អាកក្អាយ ធ្វើឱ្យខ្ញុំសែនក្នាញ់សម្លក់គាត់ពីក្នុងគុម្ពផ្កាទៅ “នៅសើចកើតទៀត? មិនដែលមាននរណាឃើញសង្សារខ្លួនឯងដួល ហើយសើចស្រួលអ៊ីចឹងទេ!”
បងវុធចូលមកជួយគ្រាហ៍ខ្ញុំឡើង ទាំងឌឺដងផង “បងប្រាប់ហើយថាកុំឱ្យជិះលឿនពេក! ឥឡូវបានទៅគេងនៅក្នុងគុម្ពផ្កាមែន! ស្រួលដែរទេ?”
ខ្ញុំប្រឹងច្រត់ដៃងើបទាំងលំបាកលំបិន ព្រោះតែត្រូវកង់កៀបជើងផង ទើសនឹងដើមផ្កាឈូករ័ត្នផង។ ម្តងណេះបងវុធបានលេស ឌឺដល់ស្អែកឯណោះ។
“បើព្រមចាញ់បងតាមសម្រួលទៅ មិនលំបាកអ៊ីចឹងទេ!”
“អ្នកណាថាអូនចាញ់? នេះជាបញ្ហាបច្ចេកទេសតិចតួចទេតើ!” ខ្ញុំមិនទាន់ព្រមចាញ់ នៅរកពាក្យតបវិញ ធ្វើឱ្យបងវុធសើចឥតឈប់។
“នៅចិត្តខ្លាំងមិនព្រមចាញ់ទៀត?”
“ទាល់តែបោះបង់ទើបគេហៅថាចាញ់!” បានឈរវិញកើត ខ្ញុំក៏ខ្មឺតភ្លាម។
“អីយ៉ា! ចេះនិយាយពាក្យទ្រឹស្តីបែបអ្នកជោគជ័យទៀត! ពិតជាឡូយមែនសង្សារខ្ញុំ! មើល៍ សុំមួយឃ្លាទៀតទៅមើល៍!” បងវុធញាក់ចិញ្ចើមព្រើតៗ ធ្វើឱ្យខ្ញុំអត់ទ្រាំ ធ្វើមុខមាំទៀតលែងបាន ក៏សើចតាមដែរ។
ខ្ញុំឡើងកង់វិញ ក៏ឃើញថាវាធ្លាក់ច្រវ៉ាក់បាត់ទៅហើយ!
“អុញ! ធ្លាក់ច្រវ៉ាក់បាត់!”
“អ៊ីចឹងសម្រេចថាការប្រកួតចាត់ទុកជាមោឃៈត្រឹមនេះហើយ!”
“អត់ទេ!” ខ្ញុំប្រកែកយ៉ាងរហ័ស។
“អត់ទេយ៉ាងម៉េច បើកង់អូនធាក់លែងទៅមុខហើយហ្នឹង!”
“ចាំមើល អូនដាក់ច្រវ៉ាក់កង់វិញបាន យើងនឹងប្រណាំងគ្នាបន្តទៀត” ពេលនេះទើបដឹងថាខ្លួនឯងមានះប៉ុនណា! សូម្បីតែការប្រកួតធម្មតាយ៉ាងនេះ ក៏ខ្ញុំមិនព្រមចាញ់បងវុធសោះ។
ខ្ញុំដាក់ច្រវ៉ាក់កង់ដោយខ្លួនឯង ប្រឹងឡើងវៀចមាត់វៀចក។
“ធ្វើអីហ្នឹង?” បងវុធសួរ ដូចមិនដែលដឹងថា ដាក់ច្រវ៉ាក់កង់មានរូបរាងយ៉ាងម៉េច។
“ដាក់ច្រវ៉ាក់កង់ហ្នឹងណា៎!”
បងវុធមកអង្គុយចោងហោងមើលខ្ញុំដាក់ច្រវ៉ាក់កង់ ដូចជាប្លែកភ្នែកណាស់អ៊ីចឹង “អូនចេះដាក់ដែរ?”
“ចេះ!” និយាយផុតពីមាត់ភ្លាម ច្រវ៉ាក់ដែលខ្ញុំទើបនឹងដាក់រួច ធ្លាក់មកវិញដដែល។