ម៉ៅ ចាន់រស្មី

ឆ្នាំ ១៩៩៥ ខ្ញុំបានចាប់កំណើតនៅខេត្តកណ្តាល ប្រទេសកម្ពុជា ក្នុងគ្រួសារតូចមួយដែលមានម្តាយជាអ្នកនិពន្ធប្រលោមលោក និងឪពុកជាយោធាក្រុង។ ខ្ញុំជាកូនទោលក្នុងគ្រួសារ តែដោយហេតុថាឪពុកម្តាយរបស់ខ្ញុំបានរស់នៅបែកពីគ្នា ទើបខ្ញុំចំណាយពេលតាំងពីកុមារភាព ជាមួយតែម្តាយប៉ុណ្ណោះ។

ខ្ញុំតែងតែជាក្មេងស្រីសាមញ្ញម្នាក់ដែលចូលចិត្តអានប្រលោមលោក និងទស្សនាភាពយន្ត រហូតមកដល់ពេលនេះក៏នៅតែមិនប្រែប្រួល ទើបសៀវភៅ និងភាពយន្តបានក្លាយជាចំណែកដ៏ធំមួយក្នុងជីវិតខ្ញុំ។ កាលពីកុមារ ខ្ញុំមិនធ្លាប់ដឹងទេថាខ្លួនឯងចូលចិត្តអ្វីឱ្យច្បាស់លាស់ ដឹងត្រឹមថា ខ្ញុំស្រឡាញ់សិល្បៈ និងការចែករំលែក។ ថ្ងៃណាក៏ខ្ញុំរាំ ច្រៀង គូរគំនូរ និងដើរចែកផ្លែឈើឱ្យក្មេងៗក្បែរផ្ទះ ដើម្បីឱ្យគេព្រមស្តាប់និងមើលការសម្តែងរបស់ខ្ញុំ។  

ម្តាយខ្ញុំធ្លាប់និយាយថា “យើងមិនអាចកាន់កាំភ្លើងដើម្បីជួយសង្រ្គោះពិភពលោក តែយើងអាចកាន់ប៊ិចមួយដើម ដើម្បីជួយសង្គមរបស់យើងបាន” ពេលនោះខ្ញុំក៏ដឹងថា ខ្ញុំគួរធ្វើអ្វី នោះគឺការធ្វើជាអ្នកនិពន្ធដូចម៉ាក់ដែរ។ ខ្ញុំក៏បានចាប់ផ្តើមការនិពន្ធដំបូងបំផុត នៅឆ្នាំ ២០១៣ ក្នុងនាមជាអ្នកនិពន្ធអត្ថបទភាពយន្ត ស្របពេលដែលខ្ញុំទើបតែចាប់ផ្តើមថ្នាក់បរិញ្ញាបត្រឆ្នាំទីមួយនៅសាកលវិទ្យាល័យកម្ពុជា។ ក្នុងឆ្នាំ ២០១៨ ខ្ញុំបានសម្រេចស្នាដៃភាពយន្តភាគ ជាង១០រឿង និងភាពយន្តដុំ ជាង១០រឿងដូចគ្នា ថែមទាំងបានប្រែក្លាយទៅជាអ្នកដឹកនាំភាពយន្តមួយរូបថែមទៀត តាមរយៈការបណ្តុះបណ្តាល ពីនាយកដ្ឋានភាពយន្តកម្ពុជា។ តែគួរឱ្យស្តាយ ការងារនិពន្ធអត្ថបទភាពយន្ត មិនអាចឱ្យខ្ញុំមានសេរីភាពគ្រប់គ្រាន់ដើម្បីបញ្ចេញពីគំនិត និងការស្រមើស្រម៉ៃរបស់ខ្ញុំឱ្យអស់ពីលទ្ធភាពទេ ព្រោះយើងសរសេរតាមតែគំនិតរបស់ម្ចាស់ផលិតកម្ម ដោយពុំអាចប្រកែកបានឡើយ។ ខ្ញុំក៏យល់ថា មានតែការនិពន្ធប្រលោមលោកប៉ុណ្ណោះ ទើបខ្ញុំអាចមានសេរីភាពទាំងនោះ។ នេះគឺជាស្នាដៃប្រលោមលោកដំបូងបង្អស់ក្នុងជីវិតខ្ញុំ ដែលខ្ញុំសង្ឃឹមថា វានឹងក្លាយជាយានចម្លងខ្ញុំទៅកាន់ស្នាដៃក្រោយៗទៀត ពេញដោយសេរីភាពពិតប្រាកដ ក្នុងការបញ្ចេញគំនិត ទស្សនៈ ការស្រមើស្រមៃ និងការចែករំលែក។

No items found.

បន្តភ្ជាប់ទំនាក់ទំនង