និស្ស័យជាក្មេងស្រីម្នាក់ដែលមិនបានទទួលភាពកក់ក្តៅពីម្តាយតាំងពីកើតមក ហើយត្រូវរស់ក្នុងនាមជាក្មេងកំព្រាតាំងពីតូច។ តើនេះជានិស្ស័យមែនទេ ដែលតម្រូវឱ្យនាងត្រូវរស់រងទុក្ខលំបាក ត្រូវគេមាក់ងាយ និងទទួលការបៀតបៀនពីអ្នកដទៃមិនចេះចប់?
ទោះបីជីវិតនាងជួបការលំបាកយ៉ាងណា ក៏នាងនៅតែបន្តរស់ដោយក្តីសង្ឃឹមជានិច្ច។ ការបាត់បង់មនុស្ស ជាទីស្រឡាញ់ ការបាត់បង់ការស្រឡាញ់ពីមនុស្សដែលសំខាន់ក្នុងជីវិត បានធ្វើឱ្យនាងរៀនរស់ដោយត្រូវតែពឹងលើខ្លួនឯង។
តាមរយៈការបាត់បង់ដ៏ច្រើននៅក្នុងជីវិត ក៏បានឱ្យនាងរៀនរស់ជាមួយនឹងការអភ័យទោស ហើយព្យាយាមរស់ឱ្យបានល្អបំផុត សម្រាប់ជីវិតដែលនៅសល់។
ថ្ងៃមួយដោយអស់គ្រឿងទេស និងរបស់ក្នុងផ្ទះបាយមួយចំនួន ហើយខាងអ្នកផ្គត់ផ្គង់របស់យើងក៏ត្រូវដាច់ស្តុក មីងចន្ធីក៏ឱ្យខ្ញុំទៅផ្សារអូរឫស្សី ដើម្បីទិញអីវ៉ាន់មកប្រើប្រាស់ ទម្រាំយើងអាចកុម្ម៉ង់ ពីខាងអ្នកផ្គត់ផ្គង់របស់យើងវិញ។ ខ្ញុំក៏បានដើរទិញទំនិញ ទៅតាមមុខបញ្ជីដែលគាត់បានឱ្យមកខ្ញុំ។ នៅពេលដែលទិញសព្វគ្រប់អស់ហើយ ខ្ញុំក៏យួរអីវ៉ាន់ ដ៏សំពីងសំពោងទាំងនោះ ដើរកាត់តាមជាន់ផ្ទាល់ដី ពីព្រោះមីងចុងភៅផ្តាំឱ្យទិញបង្គាក្រៀម១គីឡូក្រាមផង។ ដោយសារតែខ្ញុំត្រូវយួរអីវ៉ាន់ដ៏ច្រើន ខ្ញុំក៏ដើរបុកនឹងក្មេងស្រីម្នាក់ដែលកំពុងឈរលក់អីវ៉ាន់នៅតូបជាន់ផ្ទាល់ដី។