ក្នុងសៀវភៅនេះមាន៣ជំពូកធំៗ។ ខាងក្រោយនេះជាការរៀបរាប់អំពីជំពូកនីមួយៗដោយអ្នកនិពន្ធ៖
ជំពូក១ និយាយអំពីការស្វែងរកខ្លួនឯង។ គ្មានអ្វីដែលអាចផ្ដល់ផ្លែផ្កាដល់ជីវិតជាជាងទង្វើប្រឹងប្រែងទេ។ មុននឹងមនុស្សអាចប្រឹងប្រែងបាន លុះត្រាណាតែមនុស្សមានបុព្វហេតុរស់នៅត្រឹមត្រូវ។ មុននឹងមានបុព្វហេតុជីវិត លុះត្រាណាតែមនុស្សរក ខ្លួនឯងឱ្យឃើញសិន។ នៅជំពូកទី១នេះ ខ្ញុំនិយាយលើប្រធានបទអំពីការស្គាល់ខ្លួនឯង អំពីការប្រឹងប្រែងដោយខ្លួនឯង និងអំពីការបង្កើតសេចក្ដីសុខឱ្យខ្លួនឯង (ចិត្តវិញ្ញាណ ឬសេចក្ដីសុខផ្លូវចិត្ត)។
ជំពូក២ និយាយអំពីការសម្រេចគោលដៅ និងក្ដីស្រមៃ។ ប្រសិនបើយើងមានតែគោលដៅដោយសរសេរដាក់តែក្នុងក្រដាសនោះវាហាក់គ្មានន័យអ្វីទាំងអស់។ ប្រសិនបើយើងមានក្ដីស្រមៃហើយ គ្មានការប្ដេជ្ញាចិត្ត និងហ៊ានពុះពារដើម្បីក្ដីស្រមៃនោះទេ វាក៏គ្មានថ្ងៃអាចចេញជារូបរាងបានដែរ។ គ្មានអ្វីដែលបានមកដោយគ្មានការដោះដូរនោះទេ។ នរណាក៏ធ្លាប់ជួបរឿងខកចិត្ត ការឈឺចាប់ និងភាពមិនសមបំណងនៅក្នុងជីវិតដែរ។
ជំពូក៣ និយាយអីពីការផ្ដល់ឱ្យ។ អត្ថបទនៅទីនេះ ខ្ញុំសរសេរដើម្បីផ្ញើជូនយុវជនទាំងអស់ដែលមានឱកាសបានកាន់សៀវភៅនេះ។ ដោយឆ្លងកាត់ភាពជាយុវវ័យកន្លងមកខ្ញុំបានដឹងថាវាជាវ័យមួយដែលត្រូវប្រឈមជាមួយក្ដីវិបត្តិច្រើន វាជាពេលវេលាមួយដែលចិត្តគំនិត និងស្មារតីរបស់យើងកំពុងលូតលាស់ ហើយវាពុះកញ្រ្ជោលយ៉ាងខ្លាំងក្លា។ ភាពភ័យខ្លាវអារម្មណ៍ប្រែប្រួល ឆាប់អន់ចិត្ត ឆាប់រំជើបរំជួលផ្លូវអារម្មណ៍ដ៏ពិបាកគ្រប់គ្រងតែងកើតមានឡើងជាញឹកញាប់ចំពោះមនុស្សដែលស្ថិតនៅក្នុងវ័យនេះ។
‘ភាពជាយុវវ័យត្រូវការនូវការសប្បាយ ប៉ុន្ដែបើយើងរវល់តែសប្បាយផ្លេចខ្លួន យើងនឹងក្លាយជាមូលហេតុនៃសេចក្ដីឈឺចាប់របស់មនុស្សជំនាន់ក្រោយដោយចៀសមិនផុតឡើយ!’