គ្មាននរណាម្នាក់អាចជ្រើសរើសកន្លែងកើតបាន ហើយក៏គ្មាននរណាម្នាក់ដែលល្អឥតខ្ចោះនោះដែរ។ យើងអាចធ្លាប់សាងកំហុស ទទួលភាពបរាជ័យ ធ្លាប់ទទួលការឈឺចាប់ ត្រូវគេមាក់ងាយ ហើយទទួលបានការវាយតម្លៃពីមនុស្សជាច្រើន ប៉ុន្តែថ្ងៃថ្មីនឹងអាចនាំនូវក្ដីសង្ឃឹមថ្មី ហើយយើងនៅតែមានឱកាសក្នុងការច្នៃវាសនាខ្លួនឯងឱ្យបានប្រសើរជាងថ្ងៃម្សិលមិញមិនខានឡើយ។ យើងត្រូវចេះផ្តល់ស្នាមញញឹម និងក្ដីសង្ឃឹមសម្រាប់ខ្លួនឯងជានិច្ច។
សិលា និងកញ្ចនាកើតនៅក្នុងវណ្ណៈផ្សេងគ្នា ជួបរឿងរ៉ាវជីវិតផ្សេងគ្នា ប៉ុន្តែអ្វីដែលពួកគេមានស្រដៀងគ្នានោះគឺ ត្រូវហែលឆ្លងឧបសគ្គជីវិតរាប់សិបជំពូក ដើម្បីទទួលបានជីវិតដែលពួកគេចង់បាន។ តើខ្សែជីវិតអ្នកទាំងពីរនឹងទៅជាយ៉ាងណា?
រឿង៖ ច្នៃវាសនា
ពេលវេលានៅតែដើរទៅមុខជានិច្ច ជីវិតខ្ញុំក៏ចេះតែមានពន្លឺរស្មីជាងមុនបន្តិចម្តងៗផងដែរ។ ខ្ញុំអាចរកកម្រៃបានល្មមនឹងចិញ្ចឹមខ្លួនឯងបាន មានលិទ្ធភាពបង់ថ្លៃសាលា ហើយក៏អាចឆ្លៀតសន្សំទុកបានខ្លះៗផងដែរ។ ខ្ញុំបានបញ្ចប់ការសិក្សាដោយជោគជ័យហើយ នៅមិនយូរទៀតទេនឹងដល់ថ្ងៃខ្ញុំទទួលសញ្ញាបត្រហើយ។ ក្ដីស្រមៃមួយក្នុងចំណោមក្ដីស្រមៃផ្សេងទៀតរបស់ខ្ញុំបានក្លាយជាការពិតហើយ ប៉ុន្តែពេលដែលស្រមៃដល់ថ្ងៃដ៏គួរឱ្យរំភើបនេះ ខ្ញុំប្រែជាក្រៀមក្រំ ព្រោះថ្ងៃនោះនឹងគ្មានសាច់់ញាតិឯណាក្រៅពីពូរបស់ខ្ញុំឡើយ។ ប្រសិនបើអាចមានវត្តមានម៉ែនៅក្នុងថ្ងៃពិសេសនោះមិនដឹងជាល្អយ៉ាងណាទេ។ ខ្ញុំបានត្រឹមស្រមៃ តែការពិតគឺមិនអាចទៅរួចឡើយ។ ម៉ែមិនដែលសូម្បីតែខលទាក់ទងរកខ្ញុំ។ មាត់ខ្ញុំរឹងតែងតែនិយាយថា ខ្ញុំមិននឹកម៉ែទេ! ខ្ញុំខឹងនឹងម៉ែដែលគាត់ចាកចោលខ្ញុំនៅពេលដែលខ្ញុំកំពុងត្រូវការម៉ែ តែតាមពិតចិត្តខ្ញុំដង្ហោយហៅម៉ែស្ទើរគ្រប់ពេល។ ខ្ញុំស្រេកឃ្លានភាពកក់ក្ដៅ និងក្ដីស្រឡាញ់ពីគ្រួសារ ប៉ុន្តែជីវិតខ្ញុំមួយនេះប្រហែលគ្មានសំណាងដូចកូនគេនោះទេ។