“បើការតាំងចិត្តនៅតែមាន ហើយព្យាយាមឱ្យដល់ទីបំផុត ខ្ញុំជឿថាថ្ងៃណាមួយខ្ញុំនឹងអាចធ្វើបាន!”
ជីវិតតែងតែផ្ដល់ឱ្យយើងនូវមេរៀនដ៏ល្វីងជូរចត់រាប់មិនអស់ ឱ្យតែមានការតស៊ូថ្ងៃណាមួយ យើងប្រាកដជាទទួលបានលទ្ធផលល្អជាពុំខាន។
យើងត្រូវសម្លឹងឱ្យលើសពីថ្ងៃនេះ ទោះបីជាបច្ចុប្បន្នយើងចួបស្ថាន ភាពយ៉ាប់យ៉ឺនយ៉ាងណាក៏ដោយ យើងអាចបាត់បង់ឱកាសល្អៗ ជាច្រើននៅក្នុងជីវិត មានការខកបំណងរាប់មិនអស់ ឬបាត់បងមនុស្សជាទីស្រឡាញ់នៅក្នុងជីវិត... ប៉ុន្តែយើងមិនត្រូវបោះបង់ខ្លួនឯង បោះបង់ក្ដីសង្ឃឹមនិងការតាំងចិត្តសម្រាប់ជីវិតចោលឡើយ។ យើងគួរតែចេះបង្កើតជម្រើសឱ្យខ្លួនឯង ហើយមិនត្រូវរស់ជាមនុស្សទាល់ច្រកដាច់ខាត។
បងស្រីឧស្សាហ៍ក៏ដើរចេញពីកៅអីគាត់ ហើយយកដៃមកដាក់លើស្មាខ្ញុំរួចនិយាយ៖
- ឈូកដឹងទេ! ជីវិតខ្ញុំកាលពីក្មេងក៏មិនសូវស្រួលដែរ! ពេលខ្លះខ្ញុំមានអារម្មណ៍ថាជីវិតឈូក និងជីវិតខ្ញុំកាលពីមុនគឺស្រដៀងគ្នា! ប៉ុន្តែតើឈូកដឹងទេថា ពេលដែលខ្ញុំចួបបញ្ហាលំបាកបំផុត តើខ្ញុំមានអ្វីដើម្បីបំពេរភាពសោកសៅ និងភាពលំបាកដែលជីវិតផ្តល់ឱ្យ? វាគឺជា"ក្តីសុបិន"! ក្តីសុបិនដែលគ្មានដែនកំណត់ បាននាំខ្ញុំឱ្យស្រមើស្រមៃទៅរកជីវិតដ៏ប្រសើរ អាចធ្វើរឿងដែលខ្លួនចង់ធ្វើ! ហើយខ្ញុំក៏ចង់ប្រាប់ឈូកថា កុំខ្វល់ថា នរណាគេសើចចំអក ឬមាក់ងាយឈូក សំខាន់ឈូកក្លាហានគ្រប់គ្រាន់អាចពុះពារ និងជម្នះរាល់ឧបសគ្គដើម្បីក្តីស្រមៃខ្លួនឯងឬអត់! បើគ្រាន់តែស្រមៃ វាមិនអស់ប្រាក់ឯណា ហើយបើការខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីឱ្យវាក្លាយជាការពិត វាកាន់តែប្រសើរ! ត្រូវទេ?