បើតម្លៃនារី ស្ថិតនៅលើរូបឆោមលោមពណ៌ដែលល្អស្អាតដូចស្លាបមយូរីពិតមែននោះ ខ្ញុំចង់បង្វិលពិភពនេះឱ្យវង្វេងដោយសារសម្រស់មយូរី ប្រើបេះដូងលាបពណ៌កំដរជីវិតឥតន័យដូចដែលគ្រប់គ្នាត្រូវការចុះ។
បើលោកនេះ ខ្វះសច្ចៈនៃបេះដូង បើលោកនេះមិនឱ្យតម្លៃស្នេហាស្មោះទៅហើយ រក្សាបេះដូងមួយនេះដើម្បីអ្វីទៅ? បើបុរសមិនអាស្នោះស្នេហ៍ ហេតុអ្វីក៏នារីត្រូវលះបង់ជីវិតទាំងមូល រក្សាទុកបេះដូងដែលឥតតម្លៃទៅវិញ? ខ្ញុំអាចជាជ្រើសរើសការគិតខុសពីនារីគ្រប់លក្ខណ នាមស័យកាលមុន ដែលស្មោះស្នេហ៍លុះមរណា ដូចនាងកង្រី ព្រោះខ្ញុំជានារីសម័យថ្មី ដែលកំពុងចង់បង្ហាញលោកនេះថា បុរស និងស្រ្ដីមានសេរីភាពបេះដូងដូចគ្នា មានប្រយោជន៍អ្វីដែលនារីត្រូវព្រមឈឺតែម្នាក់ឯងនោះ ខ្ញុំអាចទទួលការឈឺចាប់ផ្លូវកាយ តែមិនអាចទទួលយកការឈឺចាប់ផ្លូវចិត្តបានឡើយ។
នៅចំកណ្ដាលបន្ទប់មានព្យាណូមួយថ្មី ហើយទំនើបថែមទៀត។ ការពិតទីនេះជាបន្ទប់ទុកសម្ភារៈតន្ត្រី មិនមែនបន្ទប់គេងទេ គីរីពង្សងាកមកញញឹមស្រស់ដាក់នាងក្រមុំ៖
- ខ្ញុំនាំនាងមកឱ្យបង្រៀនខ្ញុំលេងព្យាណូ! ក្រែងខ្ញុំអាចកំដរខ្លួនឯងបានពេលអផ្សុក! នាងងងុយគេងពេលណាប្រាប់ខ្ញុំ!
ឆោមល្អអន់បុកពោះបន្តិច៖
- រៀនលេងព្យាណូមិនមែនមួយថ្ងៃ! ពីរថ្ងៃ! ចេះទេណាលោក!
បុរសសង្ហាដោះអាវក្រៅចេញមូរដៃអាវសដែលពាក់ពីក្នុងបន្តិចរួចទាញកៅអីអង្គុយមុខព្យាណូបបូរមាត់ញញឹមជាប់៖
- ខ្ញុំមិនមែនរៀនមួយថ្ងៃពីរថ្ងៃទេ! ខ្ញុំឱ្យនាងជួយបង្រៀនខ្ញុំរហូតដល់ខ្ញុំចេះលេងព្យាណូ! អាចមួយឆ្នាំ! ពីរឆ្នាំ! ឬមួយជីវិតផងក៏មិនដឹង! បើនាងមិនអាចបង្រៀនឱ្យខ្ញុំចេះលេងព្យាណូបាននោះ!
មយូរីបើកភ្នែកធំៗ៖
-អេស៍! ខ្ញុំមិនបានទទួលខ្លួនធ្វើជាគ្រូបង្រៀនលោកឯណា? នរណាទទួលបង្រៀនលោកមួយជីវិតនោះ? ខ្ញុំមិនទំនេរដល់ម្លឹងទេ!
គីរីពង្សទាញកៅអីមួយទៀតឱ្យនាងក្រមុំអង្គុយក្បែរគេ៖
- ឥឡូវនេះចាប់ផ្ដើមបង្រៀនខ្ញុំបានហើយនៅ? ឬក៏ចង់ឱ្យខ្ញុំធ្វើអ្វីផ្សេង? បានជានៅតវ៉ាមិនឈប់? ស្រស់ស្រីអង្គុយចុះលើកៅអីយ៉ាងលឿន៖
- បានៗ! ខ្ញុំបង្រៀនឥឡូវនេះក៏បាន!
ខណៈនោះនាងម៉ាច នារីបំរើដែលនៅថែសម្អាតផ្ទះ លើកចំណីពេលយប់