មេឃយកសំបុត្រនេះមកអានរាល់យប់ទាល់តែចងចាំ គ្មានចន្លោះពាក្យមួយម៉ាត់ទេ៖
- “ចិញ្ចៀនផ្កាស្មៅ” ជាបំណងប្រាថ្នារបស់នារីដ៏សាមញ្ញម្នាក់ ចិញ្ចៀនកូនក្រមុំសម្រាប់ថ្ងៃមង្គលការរបស់នាង មិនមែនជាចិញ្ចៀនដាំពេជ្រអួតអាងពីឧត្ដមភាពខ្ពង់ខ្ពស់អ្វីឡើយ។ នាងសុំត្រឹមតែ “ចិញ្ចៀនផ្កាស្មៅ” ដែលបំពាក់ឱ្យនាងដោយដៃបុរសដ៏ស្មោះត្រង់ម្នាក់។ សុភមង្គលជីវិតគូសម្រាប់នាងគឺ ស្វាមីដ៏ល្អដែលចេះផ្ដល់ឱ្យភរិយានូវទំនួលខុសត្រូវ ការយកចិត្តទុកដាក់ ចេះអត់ឱន មានអធ្យាស្រ័យល្អចំពោះគ្នា មានបេះដូងតែមួយដូចគ្នា ហើយមិនបោះបង់គ្នាគ្រប់គ្រាដែលលំបាក។
ខ្ញុំអាចជាស្រីល្ងង់ម្នាក់ក្នុងភ្នែកអ្នកដទៃ តែជីវិតមួយនេះ ខ្ញុំសុំរស់ក្នុងភាពជាខ្លួនឯង ធ្វើជាផ្កាស្មៅមួយទងដែលមិនខ្លាចនូវព្យុះសង្ឃរា ផ្កាស្មៅមួយទងដែលនឹងរឹងមាំរហូតដល់ទីបំផុត។
បណ្ណាការដែលខ្ញុំចង់បានពីបងគឺ ត្រឹមតែចិញ្ចៀនផ្កាស្មៅមួយប៉ុណ្ណោះ សង្ឃឹមថាបងនឹងប្រគល់ឱ្យខ្ញុំបាន រួមជាមួយនឹងភាពស្មោះត្រង់ដែលជាវត្ថុមានតម្លៃឥតគណនា សម្រាប់គូជីវិត ហើយក្តីប្រាថ្នារបស់ខ្ញុំប្រហែលជាមិនច្រើនពេក រហូតដល់បងមិនអាចធ្វើបានឡើយ បើសិនជាបងចង់អះអាងពីអត្ថន័យពាក្យពីរ ម៉ាត់នេះគឺ “ស្រឡាញ់”។ យ៉ាយ៉ាបានប្រគល់ចិត្តស្មោះឱ្យបងមេឃរួចហើយ! នៅតែបងទេ តើអាចរក្សាចិត្តស្មោះចំពោះ ស្នេហាមួយនេះបានកម្រិតណា។ ថ្ងៃណាមួយដែលបងមេឃអាចបញ្ជាក់បានថា បេះដូងបងមិនស្រពេចស្រពិលទៀតទេ ថ្ងៃនោះហើយដែលយ៉ាយ៉ាមកទទួលចិញ្ចៀនផ្កាស្មៅពីបង។
- សុរិយារបស់មេឃ-
អ្នកកំលោះបត់សំបុត្រទុកក្បែរខ្នើយវិញ រួចប្រះខ្លួនគេងស្រវាភួយអនុស្សាវរីយ៍មកគ្របខ្លួន។ ក្លិនខ្លួនស្រស់ស្រីហាក់ដូចជាមិនបានរសាត់បាត់ទៅណាឡើយ អ្នកបានរក្សាគ្រប់យ៉ាងនៅទីនេះ ឱ្យនៅដដែលទាំងអស់ ព្រោះវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ថា សុរិយានៅក្បែរអ្នកជានិច្ច មិនបានបាត់ទៅណាឡើយ មួយរាត្រីធ្វើឱ្យអ្នកអាល័យមួយជីវិត (ហេតុអ្វីក៏អូនចិត្តដាច់ដល់ម្លឹង? អូនអាចទុកស្នាមស្នេហ៍មួយរាត្រី ត្រឹមតែជាខ្យល់បក់ផាត់កាត់មុខអូនមែនទេ? ប៉ុន្តែប្រុសដែលជាប់ឈ្មោះថា ប្រុសសាវ៉ាម្នាក់នេះ ចិត្តមិនដាច់ដល់អូនទេ! គ្រប់គ្នាសុទ្ធតែវាយតម្លៃបង! ផ្ទៃមេឃដូចបង មិនអាចចុះចាញ់ទេ! ទោះគ្មានអ្នកណាឱ្យតម្លៃបង ក៏បងអាចឱ្យតម្លៃខ្លួនឯងបាន! មិនថាត្រូវរង់ចាំអូនប៉ុន្មានឆ្នាំទេ! បងនឹងធ្វើឱ្យអូនមកទទួលយកចិញ្ចៀនផ្កាស្មៅនេះពីបងឱ្យបាន!)។ អ្នកកំលោះគិតៗ គិតទាល់តែដៃធ្លាក់ពីភួយ ភ្នែកក៏បិទជិតគឺលង់លក់បាត់ទៅហើយ។