រឿងពិតប្រតិដ្ឋផ្សំរបស់បងស្រី ក៏បានប្រែក្លាយទៅជាស្នាដៃប្រលោមលោកដែលមានចំណងជើងថាស្នេហ៍ក្នុងអណ្ដាតភ្លើង នៅក្នុងឆ្នាំ១៩៨៥ ប៉ុន្ដែពេលនោះស្នាដៃមួយនេះនៅជាសំណេរដៃដែលដាក់ជួលនៅតាមតូបជួលនានានៅឡើយ។ ប៉ុន្ដែស្នេហ៍ក្នុងអណ្ដាតភ្លើងបានទទួលការគាំទ្រពីប្រិយមិត្តអ្នកអានរបស់ខ្ញុំយ៉ាងពេញទំហឹងតែម្ដង ធ្វើឱ្យខ្ញុំរំភើបចិត្តខ្លាំងណាស់ ហើយខ្ញុំបាននិយាយប្រាប់បងស្រីនៅក្នុងចិត្តរបស់ខ្ញុំថា “បងស្រីពេលនេះខ្ញុំបានក្លាយទៅជាអ្នកនិពន្ធម្នាក់ហើយ ក្ដីស្រមៃរបស់ខ្ញុំបានក្លាយជាការពិតហើយ រឿងរ៉ាវស្នេហារបស់បង ក៏បានឋិតនៅក្នុងដៃមិត្តអ្នកអានគ្រប់ទិសទីដែរទោះជាបងនៅទីណាបានដឹងឬមិនបានដឹងតែស្នាដៃមួយនេះ នឹងនៅរស់រហូត មិនសាបសូន្យឡើយ។”
ស្នេហ៍ក្នុងអណ្ដាតភ្លើងបានបោះពុម្ពជាលើកទី១នៅក្នុងឆ្នាំ២០០៦ ហើយក៏បានទទួលការគាំទ្រយ៉ាងផុលផុសពីប្រិយមិត្តអ្នកអានរបស់ខ្ញុំគ្រប់ទិសទីផងដែរ។
ខ្សែចាបុី បើយើងរឹតតឹងពេកអាចនឹងដាច់ រឹងប៉ះនឹងរឹងអាចនឹងបែកបាក់ សុំយកទឹកដ៏ត្រជាក់ទៅបង្ក្រាបភ្នក់ភ្លើងដែលចេះក្ដៅរោលរាល សុំយកភាពទន់ភ្លន់មេត្តាករុណា ទៅបង្ក្រាបទឹកចិត្តមានះរឹងរុស។ ស្នេហាពិតគឺអាចមាននៅលើលោកយើងនេះ សុំកុំប្រើពាក្យថាមិនអាចបំផ្លាញក្ដីសង្ឃឹមនិងការជឿជាក់សម្រាប់ជីវិត។
តម្លៃរបស់ជីវិតមិនមានអ្នកដទៃអាចមកឱ្យតម្លៃបានទេ គឺមានតែរូបយើងផ្ទាល់ប៉ុណ្ណោះដែលអាចឱ្យតម្លៃខ្លួនឯងបាន ថាយើងត្រូវជ្រើសរស់នៅបែបណា ដើម្បីឱ្យក្លាយទៅជាមនុស្សដែលមានតម្លៃ។ តម្លៃរបស់មនុស្សមិនមែនឋិតនៅលើទ្រព្យសម្បត្តិ តែឋិតនៅលើការដែលយើងចេះរស់ធ្វើជាមនុស្សល្អមានគុណធម៌ សីលធម៌ និងសច្ចៈធម៌ពិតប្រាកដ។
សំណាត់តូចៗអណ្តែតលើផ្ទៃទឹក ប្រៀបដូចជាជីវិតឥតគោលដៅ។ ចរណៃសោភាស្លៀកពាក់ជាសិស្សសាលា បង្ហាញលក្ខណៈរាបសារបំផុត ស្រីទ្រោបមុខលើស្ពានថ្មយំខ្សឹកខ្សួល៖
- ម៉ាក់កុហកកូន! ម៉ាក់ធ្វើអ្វីខ្លះដើម្បីរស់? ទោះជាលក់ត្រកួនតាមផ្សារ ក៏ចរណៃមិនខ្លាចនឹងរស់ដោយថ្លៃថ្នូរក្នុងភាពក្រីក្រដែរ ប្រសើរជាងទឹកប្រាក់ដែលធ្លាក់ថោកទាបរស់ក្នុងសង្គមខ្មែរ! ជីវិតរបស់ម៉ាក់ថោកទាបខ្លាំងណាស់ ខ្ញុំមិនត្រូវការប្រាក់របស់ម៉ាក់ទៀតទេ! មិនត្រូវការទេ!
អ្នកស្រីខាំបបូរមាត់ស្ទើរបែកឈាម៖
- ចរណៃ?
- កូននិយាយខុសឬ? ឡានថ្មី ពេជ្រ ទិញកិត្តិយសអស់ បើសិនជាគេគ្រប់គ្នាដឹង គ្មានអ្នកណាគេមើលមុខកូនទៀតទេ ហើយអ្វីដេលយើងប្រព្រឹត្តយូរនិងឆាប់គង់តែគេដឹង! ម៉ាក់មានកូនស្រីមិនមែនប្រុសទេ! បើម៉ាក់ស្រឡាញ់កូន មិនមែនម៉ាក់ធ្វើបែបហ្នឹងទេ! ខំចិញ្ចឹមកូនធ្វើអី? ដើម្បីអ្វី? បើជៀសសម្តីថោកទាបមិនរួចនោះ!
អ្នកស្រីចរិយាខ្ទប់មុខយំ ពោលដោយក្ដីឈឺចាប់៖
- ចរណៃ! កូនពុំទាន់យល់ចិត្តមាតាក្នុងលោកនេះទេ! បើលាក់មិនជិត ម្តាយប្រាប់កូនចុះ! កុំថ្កោលទោសម៉ាក់ថាជាស្រីភ្លើតភ្លើនអី! ម្តាយជាកូនកំព្រារស់នៅជាមួយម្តាយមីងនៅភូមិអូរតាគី! ជាក្រមុំជនបទក្មេងខ្ចី ហើយស្លូតត្រង់ណាស់ ពេលម៉ាក់ពេញវ័យអាយុ១៥ឆ្នាំ