រលកបោកខ្សាច់ ប្រៀបដូចជីវិតអនាថា ក្រោមព្យុះព្យោមា ជាលំអងខ្សាច់ ត្រូវរលកទឹកបក់បោក មួយដំណាក់ហើយ មួយដំណាក់ទៀត ឥតឈប់ឈរ។
ជីវិតប្រៀបដូចជាឆាករបាំ កាលបើយើងចុះចាញ់ហើយ ត្រូវបាត់បង់ស្នូរទះដៃ បាត់បង់ការជឿជាក់ មានតែការតស៊ូ ក្រាញននៀលជម្នះរលកជីវិត និងអត់ធន់គ្រប់បែបយ៉ាងប៉ុណ្ណោះ ដែលយើងអាចក្តោបក្តាប់ពាក្យថា “ជីវិត” ពីរម៉ាត់នេះជារបស់យើងបាន។
ធម្មជាតិអាចប្រែប្រួល ទឹកឡើង ទឹកស្រក ដានជើងលើឆ្នេរខ្សាច់ រលកអាចបោកផ្តាច់ឱ្យសូន្យទៅ តែស្លាកស្នាមក្នុងចិត្ត មិនអាចរលប់រលាយទេ ពេលវេលាកន្លងផុតទៅមែន តែក៏មិនអាចបាត់បង់ខ្លឹមសាររបស់វាដែរ។
ផៃយ៉ុតដើរតម្រង់ទៅកន្លែងទទួល ពិនិត្យស្សែក គេប្រគល់ស្សែកទៅនារីដែលទទួលបន្ទុកនៅទីនោះ រួចអ្នកកំលោះថយទៅអង្គុយរង់ចាំ។ ដល់លេខស្សែករបស់គេ ផៃយ៉ុតក៏ចូលទៅកន្លែងបើកប្រាក់ ខណៈនោះកំលោះសង្ហាស្រាប់តែឈរភាំង… នារីដ៏ស្រស់ស្អាតជាអ្នកពិនិត្យលេខ និងបើកប្រាក់ប្រគល់ឱ្យនោះ ប្រហែលតែទើបនឹងចូលធ្វើការថ្មី ផៃយ៉ុតមិនធ្លាប់បានឃើញនាងសោះ សក់នាងខ្មៅរលើក រួចអង្កាញ់ទឹករលកពីកំណតើ ធ្លាក់សំយ៉ុងរមូរផ្នត់តូចៗគ្របថ្ងាស សាច់សក្បុសរលោងស្រិល ភ្នែកនាងភ្លឺត្រចះត្រចង់ដូចនិលច្នៃ ផ្សំដោយបបូរមាត់ពណ៌កុលាបដោយធម្មជាតិកាន់តែធ្វើឱ្យ វ័យ១៩ឆ្នាំរបស់នាងពោរពេញទៅដោយសម្រស់ល្អបំព្រង។ ធីតាសោភាទទួលពិនិត្យស្សែករបស់ផៃយ៉ុតម្តងទៀតរួចរាល់ លុយប្រគល់ឱ្យអ្នកកំលោះ ព្រមជាមួយនឹងវាចាទន់ភ្លន់ពីរោះក្រអួន៖
- សុំលោកអញ្ជើញចុះហត្ថាលេខាទទួលប្រាក់!
គហបតីកំលោះភ្លឹកនឹងសម្រស់នាងទៅហើយ ផៃយ៉ិតជាកំលោះចូលចិត្តលំអរស្រីជាទីបំផុត។ គេជាកំលោះមានសម្ដីផ្អែមពីរោះ ចិត្តទូលាយធ្វើឱ្យនារីជាច្រើនលង់ចិត្តនឹងវាចាទឹកឃ្មុំរបស់គេ។ ហើយផាយ៉ុតក៏មានសង្សាររាប់មិនអស់ តែគេមិនដែលទទួលស្គាល់នារីណាម្នាក់ជាផ្កាប្រចាំជីវិតឡើយ។ មាណពសង្ហាញញឹមស្រស់បោះពាក្យសម្ដីផ្លែផ្កាភ្លាម៖
- អ្នកនាងប្រហែលទើបនឹងចូលធ្វើការមែនទេ? ពីមុនខ្ញុំដូចជាមិនធ្លាប់បានជួបទាល់តែសោះ!
មាណវីរូបស្អាតតបបែបហី ព្រមទាំងហុចក្រដាសចុះហត្ថាលេខាទទួលប្រាក់ឱ្យផៃយ៉ុតបណ្តើរ៖
- ការដែលលោកគហបតីមានកិត្តិយសដ៏ខ្ពង់ខ្ពស់ មិនដែលស្គាល់ឬជួបនាងខ្ញុំដែលជាបុគ្គលិកតូចតាចម្នាក់នេះគ្មានអ្វីចម្លែកទេ!
ផៃយ៉ុតអស់សំណើច ញាក់ស្មាបន្តិច៖
- អ្នកភ្នំពេញដូចជាកាច់អ្នកជនបទពេកហើយ! គ្រាន់តែផ្តើមសម្ដីភ្លាម អ្នកនាងធ្វើឱ្យខ្ញុំទទួលថាជានារីសម្តីមុតស្រួចតែម្តង!