ការពិតនៅលើលោកនេះមានប្រៀបដូចលម្អងធូលីនៅក្នុងទីងងឹត។ ទោះជាគ្រប់គ្នាព្យាយាមកុហកខ្លួនឯងព្យាយាមបិទបាំងការពិតយ៉ាងណាក៏ដោយ ក៏ពេលវេលាមួយដែលថ្ងៃរះពេញពន្លឺ វានៅតែអាចធ្វើឱ្យលម្អងធូលីលាក់បាំងខ្លួនមិនបានដដែល។ ខ្ញុំមិនត្រូវការបកស្រាយឱ្យអ្នកបានយល់អ្វីច្រើនទេ។ ខ្ញុំទទួលរងការឈឺចាប់ច្រើនណាស់មកហើយវាច្រើនរហូតដល់ខ្ញុំរកចន្លោះទំនេរសម្រាប់ទទួលយកការឈឺចាប់ និងក្ដីទុក្ខបន្ដទៀតមិនបាន។ ប្រាកដណាស់ពេលដែលយើងទទួលរងនូវក្ដីវិបិត្តឆ្អែតឆ្អន់ពេក វាក៏ឈានដល់ចំណុចមួយគឺចិត្ត និងបេះដូងរបស់យើងត្រូវស្ពឹកស្រពន់អស់យើងលែងទទួលអារម្មណ៍ថាឈឺចាប់និងគ្រាំគ្រាអ្វីទៀតហើយ។ បណ្ដោយជីវិតឱ្យរស់នៅតែសំបកកាយគ្មានបេះដូងគ្មានក្ដីស្រឡាញ់ទើបគ្មានក្ដីអស់សង្ឃឹម។ អ្នកមិនអាចមើលដឹងទេថាខ្ញុំគឺជាមនុស្សបែបណា។
បើអ្នកសម្លឹងមើលមកខ្ញុំ ដោយប្រើត្រឹមតែកែវភ្នែកមួយគូ។ នៅក្នុងកែវភ្នែករបស់អ្នក ខ្ញុំអាចជាមនុស្សម្នាក់ដែលអាក្រក់បំផុត ប៉ុន្ដែខ្ញុំសុំឱ្យអ្នកមើលមកខ្ញុំដោយប្រើដួងចិត្ត នោះអ្នកនឹងស្គាល់ខ្ញុំបានច្បាស់ជាងនេះ។ ខ្ញុំចង់ឱ្យអ្នកក្លាយមកជាពន្លឺមួយដ៏អស្ចារ្យចាំងឆ្លុះមកក្នុងជីវិតខ្ញុំ អាចមើលឃើញពីការពិតដែលលាក់បាំងនៅក្នុងជីវិតដួងចិត្តរបស់ខ្ញុំ ហើយខ្ញុំនឹងទន្ទឹងរង់ចាំថ្ងៃណាមួយនោះមកដល់រហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ។
‘ទោះអតីតកាលឈឺចាប់យ៉ាងណា ជីវិតនៅតែអាចចាប់ផ្ដើមថ្មីបាន’
ភ្ញៀវពិសេសនោះគឺ គហបតីក្មេង វិសុទ្ធសិលា។ តាកេនកំពុងបើកភ្នែកធំៗមើលមុខមាណព ខំប្រឹងសម្រួលដង្ហើមទម្រាំតែនិយាយចេញ៖
- ថាម៉េច? លោកម្ចាស់ចង់ស្ដីដណ្ដឹងផ្កាកែវចៅស្រីខ្ញុំ? តើលោកម្ចាស់ស្គាល់កែវពីអង្កាល់! កែវទៅរស់នៅភ្នំពេញ១០ឆ្នាំហើយ ទើបតែត្រលប់មកស្រុកវិញបាន២ថ្ងៃប៉ុណ្ណោះ ធ្វលម៉េចនាងអាចបានស្គាល់លោកម្ចាស់ ហើយឈានទៅដល់រឿងរៀបការនោះ?
សិលាសម្លឹងមុខតាកេនត៉ាងមុត ទឹកមុខគេស្ងួតស្ងប់សម្ដីគ្រប់ម៉ាត់មានន័យបញ្ជា ហើយដាច់ខាតទៀតផង៖
- លោកតាមិនចាំបាច់ឆ្ងល់ទេ ខ្ញុំពេញចិត្តហើយក៏ចូលមកស្ដីដណ្ដឹងចៅស្រីតាតាមច្បាប់ប្រពៃណី។