បង្កើតស្នេហាមួួមិនមែនជារឿងពិបាកទេ ប៉ុន្ដែចង់រក្សាស្នេហាមួយឱ្យស្ដិតស្ថេរអមតៈ ទើបជាការពិបាកបំផុត។ អាពាហ៍ពិពាហ៍គ្រាន់តែជាការចាប់ផ្ដើមសម្រាប់ជីវិិតគូ តែមិនមែនជាទីបញ្ចប់សម្រាប់ស្នេហាឡើយ។ បងពិតជាមិនយល់ទេ ហើយបងនៅតែមិនចង់សួរអូនថាហេតុអ្វី? ហេតុអ្វីបានជាអូនសម្លាប់បេះដូងបងជាលើកទី២ ដោយដៃអូនផ្ទាល់ ទាំងអូនក៏ដឹងហើយថាបងអាចមានជីវិតថ្មីម្ដងទៀត ក៏ព្រោះតែអូន ហើយអូនក៏ដឹងច្បាស់ថាអូនគឺជាពន្លឺថ្ងៃដែលចាំងឆ្លុះបំភ្លឺជីវិតដ៏ងងឹតមួយនេះ។
តើចិត្តអូនសាងពីអ្វីទៅ ហេតុអ្វីក៏ដាច់មេត្តាដល់ម្លុឹង ដាច់ចិត្តបំផ្លាញបេះដូងដ៏បរិសុទ្ធរបស់មនុស្សម្នាក់ដែលប្រគល់ឱ្យអូនគ្រប់យ៉ាងសូម្បីជីវិត។ ផ្ដល់ចម្លើយមួយដ៏ស៏ក្ដិសមឱ្យបងផង កុំធ្វើឱ្យចិត្តស្មោះមួយនេះបរាជ័យម្ដងហើយម្ដងទៀត កុះធ្វើឱ្យបងស្លាប់ទាំងរស់បែបនេះ។ បងធ្លាប់ឈឺចាប់ដោយសារស្រីម្នាក់ដែលមិនបានសស្រឡាញ់បងរួចហើយ តែក៏មិនឈឺស្មើរនឹងស្រីម្នាក់ដែលប្រាប់ថាស្រឡាញ់បង តែបែរជាជាន់ឈ្លីបេះដូងបងខ្ទេចខ្ទាំគ្មានសល់។
ឡានហ្សុីបដ៏ទំនើបមួយ ជាឡាននាំចូលពីប្រទេសអាម៉េរិកដែលធន់នឹងស្ថានភាពដីព្រៃភ្នំដូចជាទឹកដីប៉ៃលិននេះ។ បើកដោយដៃម្ចាស់ស្រីដ៏ស្រស់ស្អាត ចូលមកឈប់នៅមុខហាងត្បូងពេជ្រ “កែវមរកត” នាងក្រមុំម្ចាស់យានយន្ដចុះពីលើឡានដោយកាយវិការរហ័សរហួនក្លៀវក្លាណាស់ គឺពិតជាស្រីមិនធម្មតានោះទេ ព្រោះស្រីធម្មតាមិននិយមបើកឡានហ្សុីបដូចកូនប្រុសបែបនេះឡើយ។ វ័យប្រហែល២២ -២៣ឆ្នាំរបស់នាងប្រៀបដូចជាផ្កាដែលកំពុងរីកពេញលម្អង។ សក់លើកចងស្រឡះបង្ហាញរង្វង់ភក្រ្ដមូលក្រឡង់ ច្រមុះស្រួចរំលចសែនសមនឹងកែវភ្នែកមុតថ្លារចនាដោយបបូរមាត់ស្ដើងតូចដូចបេះដូងបង្កប់ដោយភាពឆ្មើងឆ្មៃ។