“សម្រាប់ជីវិតយើងមានពេលវេលាតែមួយថ្ងៃប៉ុណ្ណោះគឺថ្ងៃនេះ! បើយើងប្រើពេលវេលាថ្ងៃនេះឱ្យអស់ដោយឥតតម្លៃ ថ្ងៃស្អែកប្រាកដជាគ្មានសម្រាប់យើងឡើយ។
ការសម្រេចចិត្តថ្ងៃនេះ គឺជាការបញ្ចប់ពេលវេលារបស់ថ្ងៃស្អែក ព្រោះពេលវេលាថ្ងៃនេះប្រៀបដូចខ្សែទឹកហូរ ដែលមិនអាចវិលត្រលប់។
បើថ្ងៃនេះក្លាយជាថ្ងៃម្សិលមិញហើយ គ្រប់យ៉ាងនឹងក្លាយជាអតីតកាល ហើយជីវិតអាចនៅសល់ត្រឹមតែការចងចាំប៉ុណ្ណោះ។”
ក្នុងឯកសណ្ឋាននាវាចរសែនសង្ហា ពិភពកំពុងបើកឡានតាមច្រកផ្លូវចូលទៅផ្ទះរបស់មេឃ។ កំលោះសង្ហាទើបតែចេញពីកន្លែងប្រជុំ ថ្មើរណេះម៉ោង៥ល្ងាចទៅហើយ គេប្រហែលត្រូវសម្រាកនៅភ្នំពេញ ទៅកំពង់សោមវិញមិនទាន់ទេ ព្រោះភពមិនចូលចិត្តបើកឡានយប់។ មកដល់មុខផ្ទះមេឃ ឃើញពូម៉នអ្នកនៅផ្ទះជិតខាងកំពុងស្រោចដំណាំ នរៈរូបស្អាត បើកឡានចូលទៅឈប់នៅទីធ្លាក្នុងរបង រួចចុះពីឡានដើរចូលទៅសំពះពូម៉ន ទាំងទឹកមុខងឿងឆ្ងល់ ព្រោះឃើញទ្វារផ្ទះចាក់សោ៖
- ជម្រាបសួរពូ! នីនទៅណា? ម៉េចបានជាចាក់សោផ្ទះ!
ពូម៉នសំពះតបវិញ៖
- បាទ! ជម្រាបសួរ! ខ្ញុំអត់ដឹងថាក្មួយនីនទៅណាទេ! តែនាងផ្ញើសំបុត្រទុកឱ្យក្មួយមេឃដែរ! ក្មួយមេឃជួលខ្ញុំឱ្យជួយស្រោចដំណាំនៅទីនេះ! ចំណែកក្មួយនីន ចេញទៅក្រោយក្មួយមេឃមួយថ្ងៃ! ឃើញយកកាបូបខោអាវទៅដែរ! លោកជាបងប្អូនក្មួយមេឃមែនទេ? ចាំមួយភ្លែតខ្ញុំទៅយកសំបុត្រនីនមកជូន!
ពូម៉នរត់ទៅផ្ទះរបស់គាត់យកសំបុត្រនីនមកប្រគល់ឱ្យពិភព សំបុត្រនេះនាងទុកឱ្យមេឃ ប៉ុន្តែភពត្រូវតែបើកមើល ព្រោះចង់ដឹងថានីនទៅណា។ ភពអានសំបុត្រនីនទាំងចិត្តក្ដុកក្ដួល ព្រោះពាក្យសម្ដីរបស់នីនកំពុងចាក់ចំបេះដូងរបស់អ្នកឱ្យមានរបួសដោយមិនដឹងខ្លួន៖