

ស្នេហាគឺជាក្តីស្រឡាញ់ដែលសម្រាប់បំពេញជីវិតឱ្យមានន័យគ្រប់គ្រាន់។ ជីវិតកើតមកព្រោះក្តីស្រឡាញ់ ហើយក្តីស្រឡាញ់កើតឡើងបានព្រោះតែមានជីវិត។ ទាំងពីរនេះមិនអាចកាត់ផ្តាច់ចេញពីគ្នាទេ មានជីវិតទើបមានស្នេហា ហើយមានស្នេហាទើបមានជីវិត។ បង្កើតស្នេហាមួយមិនពិបាកទេ ប៉ុន្តែរក្សាស្នេហាមួយឱ្យគង់វង្សទើបជាការពិបាក។ ស្នេហាប្រៀបដូចដំណើរនៃព្រះអាទិត្យ មានការចាប់ផ្តើមដូចពន្លឺថ្ងៃដែលផ្តើមរះចែងចាំងពេញពន្លឺ ពោរពេញទៅដោយភាពស្រស់ស្អាតភ្លឺថ្លា ហើយស្នេហាក៏មានទីបញ្ចប់ដូចព្រះអាទិត្យអស្តង្គត។
រឿងរ៉ាវស្នេហាមួយ ដែលពោរពេញទៅដោយបញ្ហាច្រើនរាប់មិនអស់ បានចាប់ផ្ដើមឡើងក្នុងឆ្នាំ១៩៥៧…
ឡានដឹកផ្លែឈើធំមួយ មកពីខេត្តកំពង់ចាម មកឈប់នៅផ្សារចាស់ ពូសូហ្វ័រឡានមានវ័យប្រហែល៤០ឆ្នាំ ងាកមករកអ្នកកំលោះម្នាក់ដែលអង្គុយក្បែរគាត់៖
- ក្មួយរុណដល់កន្លែងម៉ូយផ្លែឈើរបស់ពូហើយ! ពូដាក់ផ្លែឈើឱ្យគេរួច ត្រូវត្រលប់ទៅវិញ មិនបានជូនក្មួយទៅដល់កន្លែង ដែលចង់ទៅនោះទេ!